General Motors លក់ឡានបីខែ បានលុយ ៤,៣ពាន់លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors បានប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទីបីនៃឆ្នាំ​២០២២នេះ ជាមួយលទ្ធផល ៤,៣ពាន់លានដុល្លារនៃប្រាក់ចំណេញ និងប្រាក់ចំណូលចំនួន ៤១,៨៩ពាន់លានដុល្លារ។

លទ្ធផលនេះគឺច្រើនលើសពីការរំពឹងទុករបស់ Wall Street ហើយបានបង្កើតជាកំណត់ត្រាប្រាក់ចំណូលថ្មីសម្រាប់ត្រីមាសទីបី។ ធៀបនឹងឆ្នាំមុន ប្រាក់ចំណេញមានការកើនឡើង ១,៣៦ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលបានកើនឡើង ១៥,១ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការចុះផ្សាយរបស់ CNBC ការកើនឡើងប្រាក់ចំណូលនេះគឺក្រោយពីព្រឹត្តិការណ៍ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យរថយន្តកើនឡើងតម្លៃខ្ពស់ជាងមុន ជាពិសេសជាមួយប្រភេទ SUV និងភីកអាប់ ដោយសារមានបញ្ហាជុំវិញការផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត។

នាយកប្រតិបត្តិក្រុមហ៊ុន GM អ្នកស្រី Mary Barra បាននិយាយថាក្រុមហ៊ុន GM នៅតែអាចរក្សាតំណែង​ឈាន​មុខលើផ្នែករថយន្ត SUV ខ្នាតធំជាមួយរថយន្ត Cadillac Escalade។ លោកស្រីបានលើកឡើងផងដែរថាក្រុមហ៊ុន GM ពេលនេះកាន់កាប់ចំណែក ៨% នៃទីផ្សាររថយន្តអគ្គិសនីនៅអាមេរិក ដោយសារកំណត់ត្រាលក់ថ្មីដែលសាងបានជាមួយរថយន្ត Chevrolet Bolt។

នាយកប្រតិបត្តិរូបនេះសង្ឃឹមថានឹងអាចបង្កើនចំណែកទីផ្សារនាពេលអនាគតជាមួយការបង្ហាញចេញរថយន្ត
Chevrolet Equinox EV និង GMC Sierra EV ហើយរំពឹងថានឹងបង្កើនការផលិតរថយន្ត Chevrolet Bolt បានដល់ ៧ម៉ឺនគ្រឿងនៅឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម