រថយន្ត Genesis G80 និង GV80 ស៊េរីថ្មី ២០២១ ដែលទើបតែត្រូវបានដឹកចេញទៅឲ្យអតិថិជនថ្មីៗ ឥឡូវនេះកំពុងត្រូវបានប្រមូលត្រលប់មករោងចក្រវិញហើយ នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងខាងលើ បានហៅត្រលប់ពួកវាមកវិញ តាមរយៈរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) ដោយសារតែ បំពង់ភ្ជាប់ម៉ាស៊ីនបូមប្រេងដែលមានសម្ពាធខ្ពស់ ទៅនឹងបំពង់ដែកប្រេង អាចត្រូវបានផលិតដោយផ្នែកខាងចុងរបស់វាមិនត្រឹមត្រូវ។ ជាលទ្ធផល វាអាចបណ្តាលឲ្យមានចន្លោះប្រហោង ដូច្នេះបង្កើនហានិភ័យនៃការលេចធ្លាយប្រេង និងឆាបឆេះ។
ការហៅត្រលប់មកវិញនេះរួមមានរថយន្ត Genesis G80 ចំនួន ៣១ គ្រឿង ដែលបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅប្រទេសកូរ៉េខាងត្បូង សម្រាប់លក់នៅអាមេរិក។
ជាមួយគ្នានេះដែរ រថយន្ត Genesis GV80 ចំនួន ១១៦គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ និង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក៏ត្រូវបានប្រមូលយកទៅវិញដែរ ធ្វើឲ្យចំនួនសរុបស្មើនឹង ១៤៧ គ្រឿង។
ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនមេរបស់ Genesis បាននិយាយថា ខ្លួនបានដឹងអំពីបញ្ហានេះបន្ទាប់ពីមានការអះអាងថា ធុំក្លិនប្រេងចេញរថយន្ត GV80 ស៊េរីឆ្នាំ២០២១ ថ្មីសន្លាង៕