ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានប្រកាសចេញនូវគំរូរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ហៅថា Genesis X ដែលមានការឌីហ្សាញគួរឲ្យទាក់ទាញ។
គំរូរថយន្ត Genesis X នេះត្រូវបានរចនាឡើងតាមភាសាឌីហ្សាញ “Two Lines” ដោយក្នុងនោះមានប៉ាណាមុខធំប្រចាំត្រកូលរបស់ខ្លួន រួមជាមួយចង្កៀងមុខ ២ ឆ្នូត មើលទៅបែបអនាគតកាល និងស្រលូន។
គួរឲ្យដឹងថា រថយន្ត Genesis X ត្រូវបានឌីហ្សាញឡើងឲ្យមានរូបរាងទាប និងទទឹងធំ ដើម្បីមានលំនឹង និងមុជខ្យល់បានល្អតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះដែរ ពណ៌នៃរថយន្តនេះត្រូវបានគេហៅថា Lençóis Blue។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាត្រូវបានឌីហ្សាញឡើងដោយផ្តោតខ្លាំងលើអ្នកបើកបរ ដោយមានប្លុកបញ្ជាព័ន្ធជុំវិញអ្នកបើកបរតែម្តង ដើម្បីងាយស្រួលបញ្ជា និងផ្តោតអារម្មណ៍ក្នុងការបើកបរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីដំណើរការនៃគំរូរថយន្តនេះនៅឡើយទេ ហើយក៏មិនបានបញ្ជាក់ដែរថា រថយន្តនេះនឹងត្រូវផលិតលក់ឬយ៉ាងណាឡើយ៕