[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun ដែលស្ថិតនៅក្រោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC GM និង Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Baojun Xiang Jing ផ្តល់ទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង PHEV គ្រោងនឹងដាក់លក់នៅឆ្នាំ ២០២៥ ជាមួយតម្លៃរំពឹងថាចាប់ពីខ្ទង់ ១ម៉ឺនដុល្លារជាងនៅទីផ្សារប្រទេសចិន ។
Baojun Xiang Jing ដំណើរការដោយ ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤៩ សេះ ខណៈទំហំអាគុយ និងចំងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ
- ម៉ាស៊ីន PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៤១ ផ្គួបជាមួយអាគុយដែលអាចផ្តល់ចំងាយនៃការបើកបរបាន ១៩១ គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ
រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៥ ០០៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការឌិស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត រន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់មុខងារទូទៅនៅលើរថយន្ត ៕