[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ លោក Mikael Farah អ្នកនាំពាក្យផ្នែករថយន្ត GMC បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃការផលិតភីកអាប់អគ្គិសនី GMC HUMMER EV ខ្នាតតូច ឬខ្នាតកណ្តាល ប៉ុន្តែពួកគេក៏មិនបានបដិសេធថាមិនត្រូវបានផលិតទេ ដោយមិនមែនឆាប់ៗនេះទេ ដោយសារតែការផលិតបន្ទាប់គឺរថយន្តភីកអាប់ Chevrolet Silverado ខ្នាតធំ។
ជាក់ស្តែង ភីកអាប់ខ្នាតកណ្តាលនឹងមានតម្លៃថោកជាង រថយន្តភីកអាប់ខ្នាតធំ ដែលបច្ចុប្បន្ន GMC លក់ក្នុងតម្លៃជាង ១១០ ០០០ ដុល្លារ ជាមួយនឹងការកក់ទុកច្រើនជាង ៩០ ០០០ គ្រឿង ។ ជាមួយគ្នានេះ តាមគេហទំព័រ Auto News បានកត់សម្គាល់ថារថយន្តអគ្គិសនីខ្នាតតូចៗរបស់ Hummer អាចដាក់បង្ហាញទៅកាន់អឺរ៉ុប និងទីផ្សារផ្សេងទៀត ដែលអាចបង្កើតភាពទាក់ទាញបន្ថែមទៀតសម្រាប់ម៉ាក GMC ។
គួរឲ្យដឹងថា ភីកអាប់ Hummer ខ្នាតកណ្តាលនឹងដើរតាមគន្លងរបស់ H2 ដែលបានដាក់បង្ហាញកាលពី ២០ ឆ្នាំមុនជាមួយនឹងផលិតនៅលើគ្រោងឆ្អឹង Ultium platform ដែលមាននៅលើរថយន្តអគ្គិសនី GMC’s Sierra EV, Cadillac’s Lyriq និង Celestiq, Chevrolet’s Silverado EV, Equinox EV និង Blazer EV រួមជាមួយនឹងក្រុមហ៊ុន Honda និង Acura ZDX ផងដែរ។
ទីផ្សាររថយន្តភីកអាប់អគ្គិសនីខ្នាតកណ្តាលកំពុងមានការទាក់ទាញនៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុន Ford បានចេញមកប្រកាសថា ពួកគេនឹងផលិតរថយន្តភីកអាប់អគ្គិសនី FORD RANGER EV ក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ជាមួយនឹងមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសថៃ។ ក៏មានក្រុមហ៊ុន Hyundai, Kia និង Toyota ដែលគ្រោងនឹងផលិតរថយន្តភីកអាប់អគ្គិសនីខ្នាតកណ្តាលផងដែរ។
គួរឲ្យដឹងថា Hummer គឺជារថយន្តអគ្គិសនីដំបូងរបស់ GM ដែលផលិតនៅលើគ្រោងឆ្អឹង Ultium battery platform នៅរោងចក្រផលិតអាគុយក្នុងទីក្រុង Lordstown រដ្ឋ Ohio។ បច្ចុប្បន្នពួកគេផលិតរថយន្ត HUMMER EV នៅក្នុងត្រីមាសទីមួយ ហើយបាននាំចេញចំនួន ៧៨១ គ្រឿងគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។
សម្រាប់ភីកអាប់ GMC Hummer EV ខ្នាតតូចនេះ ប្រហែលជាមិនត្រូវបានបំពាក់ជាមួយកញ្ចប់អាគុយ ២១២,៧ គីឡូវ៉ាត់ម៉ោងទេ។ ក្នុងនោះ ត្រូវបានប៉ាន់ស្មានថា អាចបើកបរបានចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលតិចជាង ៥ វិនាទី ហើយតម្លៃរំពឹងថានឹងចាប់ផ្តើមពី ៥៥ ០០០ ដុល្លារ ៕