[ទីផ្សារបរទេស] ក្រុមហ៊ុន GMC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ General Motors បានរាយការណ៍ថាកំពុងតែអាចផលិតរថយន្តអគ្គិសនី Hummer បានចំនួន១២គ្រឿងក្នុងមួយថ្ងៃ ក្រោយការខិតខំប្រឹងប្រែងក្នុងការបង្កើនការផលិត។
ទោះយ៉ាងណាលទ្ធផលនៃការផលិតនេះនៅមិនទាន់ច្រើននៅឡើយទេ ព្រោះថាវិបត្តិសង្វាក់ផ្គត់ផ្គង់នៅបន្តកើតមាននៅឡើយ ប៉ុន្តែ GMC និយាយថានឹងយកឲ្យបាននូវបរិមាណផលិតដែលខ្លួនបានប៉ងទុក។
ទំហំផលិតរំពឹងថានឹងកើតឡើងនៅអំឡុងឆមាសទីពីរ ដោយសារតែក្រុមហ៊ុននឹងចាប់ផ្ដើមការផលិតអាគុយនៅរោងចក្រថ្មីនៅរដ្ឋ Ohio។ បច្ចុប្បន្ននេះអាគុយប្រើលើរថយន្ត Hummer EV ត្រូវបាននាំចូលដោយក្រុមហ៊ុន LG Chem ដោយទិញមកពីក្រៅសហរដ្ឋអាមេរិក។
ការចុះផ្សាយរបស់ The Wall Street Journal ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យក្រុមហ៊ុន General Motors បានឲ្យដឹងការកុម្ម៉ង់ចំនួន ៧៧ ០០០គ្រឿង នៃរថយន្ត GMC Hummer EV នឹងត្រូវបំពេញបន្តិចម្ដងៗក្រោយពីមានការបើកដំណើរការរោងចក្រផលិតអាគុយ៕