[ទីផ្សារបរទេស] រថយន្ត GMC Hummer EV Edition 1 ស៊េរីឆ្នាំ ២០២២ ដែលជារថយន្តភីកអាប់អគ្គិសនីដែលមានខ្ទង់តម្លៃ ១១០ ០០០ដុល្លារ ប៉ុន្តែបើតាមការបង្ហោះឡើងនៅលើ Wholesale Car Club Facebook group បានបង្ហាញថារថយន្តនេះមានតម្លៃរហូតដល់ ៣១០ ០០០ដុល្លារ។
ជាមួយតម្លៃដ៏ច្រើននេះ គឺបណ្តាលមកពីរថយន្តនេះបានលក់អស់ពីស្តុកទៅហើយ ហើយដើម្បីក្លាយជាម្ចាស់រថយន្តលុះត្រាតែម្ចាស់រថយន្តចង់លក់វិញ ជាក់ស្តែងដូចជាការលក់ចេញនេះ គឺត្រូវបានយកចំណេញជាមួយការតម្លើងតម្លៃរថយន្តរហូតដល់ ៣១០ ០០០ដុល្លារ។
ជាមួយតម្លៃនេះ រថយន្ត GMC Hummer EV Edition បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងបាន ១,០០០ សេះ និងកម្លាំងរមួល ១៥,៥៩០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣ វិនាទី និងអាចបើកបរបាន ៥៦៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្តនេះ ត្រូវបានបំពាក់ជាមួយគ្រឿងតែងខ្លួន off-road kit ដែលធ្វើឲ្យរថយន្តកាន់តែរឹងមាំនិងអំនាច ជាមួយនឹងថាសកង់ alloy ទំហំ ២២អ៊ីញ, កញ្ចប់ Extreme Off-Road ដែលមានថាសកង់ទំហំ ១៨ អ៊ីញ ស្រោមដោយសំបកកង់ទំហំ ៣៥ អ៊ីងដ៏ធំ។ លើសពីនេះ ប្រសិនបើមិនគ្រប់គ្រាន់ទេ GMC មានគ្រឿងបន្លាស់ជាង ២០០ សម្រាប់ជ្រើសរើសផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់មកជាមួយកុងទ័រព័ត៌មានទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តទំហំ ១៣,៤ អ៊ីញ ដែលភ្ជាប់ទៅកាន់ប្រព័ន្ធ UltraVision របស់ Hummer ជាមួយនឹងកាំមេរ៉ា ១៨ ផ្សេងគ្នា។ បន្ថែមពីនេះរថយន្តបានភ្ជាប់មកជាមួយរបៀបបើកបររួមមាន Super Cruise, Crabwalk, extract និង watt ។
គួរឲ្យដឹងថា រថយន្តនេះបានបំពាក់ជាមួយប្រព័ន្ធ Super Cruise semi-autonomous driving system ចុងក្រោយបំផុត ដែលអាចអនុញ្ញាតឲ្យបើកបរដោយមិនប្រើដៃ (hands-free driving) នៅលើផ្លូវហាយវេជាង ៣២១,៨៦៩ គីឡូម៉ែត្រនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា៕