
ក្រុមហ៊ុនផលិតរថយន្ត GWM បានប្រកាសជាផ្លូវការថា ពួកគេនឹងបញ្ចេញនូវរថយន្ត Haval H6 ដែលជារថយន្ត កំពុងនឹងទទួលបានការអាប់ដេតថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងខែមិនា ឆ្នាំ ២០២៥ នេះ ពោលគឺនឹងធ្វើឡើងនៅក្នុងប្រទេសថៃជាមុន និងអាចមានតម្លៃលក់ចន្លោះពី ២៨ ៨០០ ដុល្លារ ដល់ ៣៤ ៦០០ ដុល្លារ។
ក្នុងនោះ រថយន្តអាប់ឌែតថ្មីនេះ នឹងទទួលបានការកែប្រែថ្មីៗទាក់ទងនឹងរចនាបថ និងបច្ចេកវិទ្យាថ្មី ដែលផ្នែកខាងក្រៅរបស់ Haval H6 នឹងមានការកែប្រែផ្នែកខាងមុខថ្មី ដែលរួមមានចង្កៀងមុខថ្មី ប៉ាណាថ្មី និងកាងផ្នែកខាងមុខថ្មី ចំណែកផ្នែគខាងក្រោយវិញក៏ទទួលបានការរចនាថ្មីផងដែរជាមួយនឹងចង្កៀងថ្មីរាងស្លីម មានឡូហ្គូល “Haval” នៅកណ្តាលផ្នែកកណ្តាល និងការដកចេញនូវការតុបតែងជាមួយក្រូម៉េនៅផ្នែកខាងក្រោយជាដើម៕
ចំពោះផ្នែកខាងក្នុងវិញ នឹងទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ ធំជាងមុន និងអេក្រង់ឌីជីថល ១០,២៥ អ៊ីញសម្រាប់អ្នកបើកបរ ក៏ដូចជាការអាប់ឌែតទៅលើកុងសូល និងបន្ថែមនូវមុខងារមួយចំនួន និងឆ្នាំងសាកឥតខ្សែកម្លាំង 50W ។
ទាក់ទងនឹងផ្នែកម៉ាសុីន Haval H6 HEV ប្រើប្រាស់នូវម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង និងប្រអប់លេខ Dedicated Hybrid Transmission (DHT) អាចផលិតកម្លាំងបាន ២៤៣ សេះ និងកម្លាំអរមួល ៥៣០ ញ៉ូតុនម៉ែត្រ។ លើសពីនេះ ក៏នឹងទទួលបានជម្រើស Plug-in Hybrid (PHEV) ផងដែរ អាចផលិតកម្លាំងសរុបបាន ៣២៦ សេះ និងកម្លាំងរមួល ៥២៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានដល់ ៨០ ភាគរយ ចំណាយពេលត្រឹម ៣៥ នាទី ប៉ុណ្ណោះ៕