
បន្ទាប់ពីប្រកាសបញ្ចេញកាលពីចុងខែកក្កដា ពេលនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសគ្រោងបើកទទួលកក់នូវរថយន្ត SUV បែប Off-Road Tank 500 ថ្មីរបស់ខ្លួនហើយ ដោយនឹងធ្វើឡើងនៅក្នុងថ្ងៃទី ១១ ខែសីហា ខាងមុខនេះ នៅក្នុងប្រទេសចិន។
ក្នុងនោះ សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Tank 500 ថ្មីនេះ នៅតែបន្តរក្សាការរចនាដូចទៅនឹងម៉ូដែលបច្ចុប្បន្នដែរ ប៉ុន្តែមានការអាប់ឌែតថ្មីបន្តិចបន្តួច ហើយភាពខុសគ្នាធំបំផុត គឺបានបំពាក់មកជាមួយប្រព័ន្ធ Hesai ATX roof lidar ថ្មី ដែលគាំទ្រប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Coffee Pilot Ultra ជំនាន់ទី ៣ ។
ចំពោះផ្នែកថាមពលវិញ គឺទទួលបានជម្រើសចំនួន ២ គឺ៖
- (Hi4-T) ដំណើរការដោយម៉ាសុីនចំណុះ ២,០លីត្រ ផលិតកម្លាំងបាន ២៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងបំពាក់មកជាមួយជម្រើសអាគុយទំហំ ៣៦,៧ និង ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ១១០គីឡូម៉ែត្រ និងប្រអប់លេខ 9HAT ចំនួន ៩វគ្គ។
- (Hi4-Z) ដំណើរការដោយម៉ាសុីនចំណុះ ២,០លីត្រ ផលិតកម្លាំងបាន ២៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១០ សេះ និងបំពាក់មកជាមួយអាគុយទំហំ ៥៩,០៦ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ២០១គីឡូម៉ែត្រ និងប្រអប់លេខ DHT ចំនួន ៣វគ្គ។
សម្រាប់ផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្តផ្នែកខាងមុខទំហំ ១៧,៣អ៊ីញ កៅអីខាងមុខ និងខាងក្រោយមានមុខងារខ្យល់ចេញចូល កំដៅ និងម៉ាស្សា ប្រព័ន្ធប្រតិបត្តិការ Coffee OS 3 ទូទឹកកកថ្មី និងកន្លែងសាកឥតខ្សែ 50W ចំនួន ២ ជាដើម៕