[ទីផ្សារបរទេស] ក្រុមហ៊ុនចិន Haval បានប្រកាសចេញរថយន្ត SUV ខ្នាតតូចថ្មីសម្រាប់ទីផ្សារប្រទេសចិន ដែលមានឈ្មោះថា Cool Dog គឺជាបងប្អូនរបស់រថយន្ត Haval Big Dog ដែលមានរូបរាងស្រដៀងគ្នា។
រថយន្តនេះមានប្រវែង ៤៥២០.ម មានទទឹង ១៨៧៥ម.ម កម្ពស់ ១៧៤៥ម.ម និងកង់មុខទៅកង់ក្រោយមានប្រវែង ២៧១០ម.ម។ ទំហំនេះធ្វើឲ្យវាខ្លីជាងរថយន្ត Big Dog ប្រវែង ១០០ម.ម ប៉ុន្តែវែងជាងរថយន្ត Ford Bronco Sport ប្រវែង ១៣៣ម.ម។
រថយន្ត SUV ខ្នាតតូចនេះមានរចនាដោយអំពូលភ្លើង LED រាងមូលនៅផ្នែកខាងមុខ អមជាមួយផ្ទាំងប៉ាណារាងជ្រុង រួមផ្សំជាមួយកាងមុខពណ៌ខ្មៅ ធ្វើឲ្យរថយន្តកាន់តែមានអំណាចត្បិតថាវាជារថយន្តខ្នាតតូចក្ដី។ ចំណែកផ្នែកខាងក្រោយក៏មានបំពាក់ដោយអំពូលឲ្យសញ្ញាជាប្រភេទ LED ផងដែរ។
នៅផ្នែកខាងក្នុងរថយន្តតម្លៃធូរថ្លៃនេះ មានបំពាក់ដោយកុងទ័រឌីជីថល, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, ចង្កូតមានស្ទីលដូចជា Land Rover និង ប្រព័ន្ធសំឡេង JVC ដែលមានឧបករណ៍បំពងសំឡេងចំនួន១៨។
រថយន្តនេះដែរដំណើរការដោយម៉ាស៊ីន turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១សេះ។ កម្លាំងនេះបញ្ជូនទៅកង់ខាងមុខ ឬអាចបញ្ជូនទៅកាន់កង់រថយន្តទាំងបួន តាមរយៈប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។
តាមការចុះផ្សាយរបស់ Autohome រថយន្ត Haval Cool Dog នឹងចេញលក់នៅប្រទេសចិននៅត្រីមាសទីបីនៃឆ្នាំ២០២២ ដោយមានតម្លៃចន្លោះពីប្រមាណ ១៧ ៨៦០ដុល្លារ ទៅ ២២ ៣០០ដុល្លារ៕