Hengchi បង្ហាញគូប្រជែងរបស់ Mercedes EQS ជាមួយរថយន្ត ៨ម៉ូឌែលផ្សេងទៀត ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ២០២១

ក្រុមហ៊ុន Hengchi បានធ្វើការបង្ហាញចេញនូវរថយន្តចំនួន ៩ម៉ូឌែល នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ២០២១ ដោយក្នុងចំណោមរថយន្តទាំង ៩ម៉ូឌែលនោះ គេឃើញថារថយន្ត Hengchi 1 ដែលគូប្រជែងរបស់ Mercedes EQS ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។

ក្រុមហ៊ុន Hengchi ពុំបាននិយាយអ្វីច្រើនអំពីរថយន្តទាំង ៩ម៉ូឌែលនោះឡើយ ប៉ុន្តែយោងតាមការរាយការណ៍ បានបង្ហាញថា Hengchi 1 ផលិតឡើងតាមបទដ្ឋាន Aerodynamic ព្រមទាំងមានប្រវែងតួរខ្លួនសរុប ៥ ៣២០មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ៣ ១៧០មីលីម៉ែត្រ និងអាចបើកបរបានចង្ងាយសរុប ៧៦០គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង។ ប្រសិនបើការរាយការណ៍នេះត្រឹមត្រូវ នោះវានិងមានប្រវែងខ្លីជាង Cadillac Escalade ចំនួន ៤១មីលីម៉ែត្រ និងមានប្រវែងពីកង់មុខ ដល់កង់ក្រោយវែងជាង ៩៩មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក Hengchi 9 មានប្រវែងតួរខ្លួនសរុប ៤ ៨១០មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ២ ៩១០មីលីម៉ែត្រ និងអាចបើកបរបានចង្ងាយសរុប ៨១០គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង។

ក្នុងចំណោមម៉ូឌែលបង្ហាញផ្សេងទៀតរបស់ក្រុមហ៊ុននេះ គឺមាន Hengchi 6 ប្រភេទ Crossover Coupe ព្រមទាំងម៉ូឌែល Hengchi 3 និង Hengchi 5 ប្រភេទ Crossovers, ម៉ូឌែល Hengchi 4 ប្រភេទ MPV, ម៉ូឌែល Hengchi 7 និង Hengchi 8 ប្រភេទ Sedan និងប្រភេទ Coupe ចំនួន ២ម៉ូឌែលទៀតផងដែរ។

ម៉ូឌែលទាំងអស់នេះ នឹងត្រូវបានផលិតនៅចុងឆ្នាំនេះ ហើយត្រៀមខ្លួនសម្រាប់ការដាក់លក់នៅឆ្នាំ ២០២១ ។ Hengchi គឺជាម៉ាយីហោ របស់ Evergrande ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហ៊ុន Faraday Future, Koenigsegg និង NEVS ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម