
[ប្រទេសចិន] ក្រុមហ៊ុន GAC-Toyota បានធ្វើការបើកទទួលកក់ជាផ្លូវការនូវរថយន្ត Highlander ឆ្នាំ២០២៦ ក្នុងទីផ្សារប្រទេសចិន ជាមួយការធ្វើអោយប្រសើរឡើងនៅផ្នែកខាងក្នុងទៅលើចំណុចសំខាន់ៗមួយចំនួន ដែលខុសប្លែកពីទីផ្សារដដៃទៀត។
ក្នុងនេះអ្វីដែល Highlander ឆ្នាំ២០២៦ ទទួលបានគឹអេក្រង់កម្សាន្តទំហំធំរហូតដល់ ១៥,៦អ៊ីញ ដោយកាលពីមុនទំហំត្រឹម ១០,២៥អ៊ីញ និង ១២,៣អ៊ីញប៉ុណ្ណោះ ចំណែកកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ខណ: US-Spec គឺស្ថិតក្នុងជម្រើស ១២,៣អ៊ីញទាំងអេក្រង់កម្សាន្ត និងកុងទ័របង្ហាញ។ ដើម្បីរក្សាបាននូវភាពទូលាយ Toyota ក៏បានធ្វើការទៅលើការរចនាតាបឡូថ្មី រួមជាមួយរចនាថ្មីទៅលើរន្ធម៉ាស៊ីនត្រជាក់អោយមានរាងស្លីមជាងមុន និងបានដកប៊ូតុងម៉ាស៊ីនត្រជាក់ចោលផងដែរ។
បន្ថែមពីនេះ Toyota ក៏បានបន្ថែមថ្មីនូវកន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់, ដំបូលកញ្ចក់ Panoramic, កៅអីក្តៅ-ត្រជាក់, ឧបករណ៍បំពងសម្លេងប្រភេទ JBL ចំនួន ១១ចំណុច និងជម្រើសចំនួនកៅអី ៦ ឬ ៧ផងដែរ។
ដូចលើកឡើងខាងដើមសម្រាប់ម៉ូឌែលឆ្នាំ ២០២៦ ក្រៅពីធ្វើអោយប្រសើរឡើងនៅផ្នែកខាងក្នុង អ្វីគ្រប់យ៉ាងរក្សាទុកដដែល។ ក្នុងនោះ រថយន្ត Highlander ឆ្នាំ ២០២៦ ដំណើរការជាមួយជម្រើសចំនួន ២ប្រភេទគឺ ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ Turbo ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៤សេះ ផ្គូរផ្គង់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងជម្រើសកូនកាត់ហាយប្រ៊ីដ ចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ២៤៣សេះ។
សម្រាប់ទីផ្សារប្រទេសចិន រថយន្តHighlander ឆ្នាំ ២០២៦ មានតម្លៃចន្លោះពី ៣៥ ០០០ដុល្លារ ដល់ ៤៥ ៧០០ដុល្លារ បើធៀបជាមួយទីផ្សារសហរដ្ឋអាមេរិចគឺមានតម្លៃចាប់ផ្តើមពី ៤៥ ២៧០ដុល្លារ ដល់ ៥៤ ៦៧៥ដុល្លារ៕