[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងចេញម៉ូដែល SUV ប្រកួតប្រជែងជាមួយ Toyota Raize ដោយម៉ូដែល SUV ថ្មីនឹងត្រូវបានបង្កើតឡើងដោយផ្អែកលើគំរូរថយន្ត Honda SUV RS Concept ដែលបានដាក់បង្ហាញនៅពិព័រណ៍ GIIAS 2021។
ក្នុងនោះ ក្រុមហ៊ុន Honda មិនបានប្រកាសឈ្មោះម៉ូដែលថ្មីនោះទេ ប៉ុន្តែទំនងជាគេហៅថា ZR-V ដោយពីមុន ក្រុមហ៊ុនផលិតរថយន្តជប៉ុនធ្លាប់រក្សាសិទ្ធិក្នុងការចុះឈ្មោះ ZR-V នាពេលកន្លងមក។
ដោយផ្អែកលើការរចនានៃគំរូរថយន្ត Honda SUV RS Concept អាចមានផ្នែកខ្លះនៃរូបរាងរបស់ Honda ZR-V ប្រភេទ SUV នឹងមានរូបរាងដូចគ្នាទៅនឹងរថយន្ត Honda HR-V ដែលភ្ជាប់មកជាមួយយចង្កៀងមុខរាងស្លីម ភ្ជាប់ដោយរបារផ្តេកដែលស្រោបដោយក្រូម៉េធំ, ប៉ាណាមុខមានការរចនាម៉ូដ Honeycomb បែបស្ព័រ។ ខណៈនៅផ្នែកខាងក្រោយ Honda ZR-V មានចង្កៀងខាងក្រោយផ្ដេក LED ដូចទៅនឹង HR-V ដែលអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះផ្នែកខាងក្នុង ការរចនាជាមួយពណ៌ខ្មៅ មានអេក្រង់កំសាន្ត touchscreen ទំហំធំ ចង្កោមម៉ាស៊ីនត្រជាក់មានទីតាំងនៅសងខាងនៃអេក្រង់។ ក្នុងនោះ រូបភាពក៏បង្ហាញថាម៉ូដែលនេះត្រូវបានបំពាក់ដោយប៊ូតុងបញ្ឆេះរថយន្ត, ដៃចង្កូតមានពណ៌ខ្មៅ ស្រោបដោយស្បែក។
ស្រដៀងគ្នាទៅនឹងនិន្នាការដែលក្រុមហ៊ុន Honda បានធ្វើមុនពេលចេញលក់ម៉ូដែល BR-V ជំនាន់ទី ២ នោះ គំរូរថយន្តមួយនឹងត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈ។ គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតទាំងអស់អំពី Honda ZR-V បច្ចុប្បន្ននៅតែជាការរំពឹងទុក៕