ប្រទេសចិនគឺទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក ដូច្នេះហើយក្រុមហ៊ុន Honda បានប្រកាសពីគម្រោងដាក់បង្ហាញរថយន្តអគ្គសនីចំនួន ១០ម៉ូឌែលថ្មីសម្រាប់ទីផ្សារប្រទេសនេះ នៅរយៈពេល ៥ឆ្នាំខាងមុខ។
រថយន្តអគ្គសនីដែលនឹងបង្ហាញវត្តមាននាពេលខាងមុខនេះជាផ្នែកមួយនៃ e:N Series ហើយម៉ូឌែលពីរតំបូងឈ្មោះ e:NS1 និង e:NP1 នឹងដាក់លក់នៅលើទីផ្សារប្រទេសចិននាឆ្នាំក្រោយ នឹងតាមដោយម៉ូឌែល e:N Coupe, e:N GT និង e:N SUV Concept។
សម្រាប់ត្រកូល e:N Series នឹងបង្ហាញចេញអត្ថសញ្ញាណនៃ ថាមពល ឆ្លាត និងភាពស្រស់ស្អាត។ ដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង e:N Architecture ចំនួន ៣ផ្សេងៗគ្នា ដោយផ្តល់នូវជម្រើសការបើកបរ RWD, FWD និង AWD។
Honda ពុំទាន់បង្ហាញចេញព័ត៌មានអោយស៊ីជម្រៅនោះឡើយ ប៉ុន្តែបានអះអាងថា e:NS1 និង e:NP1 នឹងផ្តល់នូវចម្ងាយបើកបរ ៥០០គីឡូម៉ែត្រ និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ោង ប្រើពេលតិចជាង ៨វិនាទី៕