Honda បង្ហាញ​រូបភាព​ Teaser ​ដំបូងនៃរថយន្ត Honda CR-V 2023 ​មុន​ពេលបង្ហាញខ្លួនជាផ្លូវការ​ឆាប់ៗ​នេះ

[ទីផ្សរបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser ដំបូងរបស់រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ថ្មី នៅសហរដ្ឋអាមេរិក ដោយបានបង្ហាញពីការរចនាដ៏ប្រណីតមុនពេលត្រូវបានដាក់បង្ហាញជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២២ ។

បន្ទាប់ពីមានការបែកធ្លាយរូបភាពនៃរថយន្ត Honda CR-V ជំនាន់ទី ៦ របស់ចិនស៊េរីថ្មីមុននេះ ក្រុមហ៊ុន Honda នៅសហរដ្ឋអាមេរិកបានបញ្ចេញរូបភាព Teaser ពិតនៃរថយន្ត CR-V ថ្មី ដែលបង្ហាញពីព័ត៌មានលម្អិត ផ្នែកខាងមុខ និងខាងក្រោយ ជាមួយឡូហ្គោ “HYBRID” សម្រាប់ទីផ្សារអាមេរិកខាងជើងផងដែរ។ ក្នុងនោះ Honda មិនបានបង្ហាញព័ត៌មានលម្អិតណាមួយឡើយអំពី​រថយន្ត​នេះ​ចេញ​មក​គ្រាន់​តែ​បញ្ជាក់​ថា​គ្រោង​នឹង​ចេញ​នៅ​រដូវ​ក្ដៅ​ដែល​ត្រូវ​នឹង​អំឡុង​ខែ​មិថុនា​ដល់​ខែ​កញ្ញា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាព គេអាចមើលឃើញថា All-new Honda CR-V  ថ្មី រក្សានៅគំនិតរចនា Solid Wing Face តែមួយគត់របស់ Honda ជាមួយនឹងប៉ាណាមុខពណ៌ខ្មៅដ៏ធំអបជាមួយនឹងចង្កៀងមុខ LED រាងស្លីម ជាមួយនឹងកាងខាងមុខដែលស្រដៀងនៃ HR-V នាពេលបច្ចុប្បន្ន និងចង្កៀងខាងក្រោយនៅតែត្រូវបានរចនាឡើងជារាងអក្សរ L ប៉ុន្តែបន្ថែមក្បាច់ដើម្បីមើលទៅទំនើបជាងម៉ូដែលដើម។

រីឯផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ស៊េរី​ ២០២៣ ថ្មី​នៅ​អាមេរិក​ខាង​ជើង​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ជាមួយ​នឹង​ម៉ាស៊ីន Hybrid។ ខណៈពេលដែលព័ត៌មាននៃម៉ូដែលរបស់ចិនដែលបានលេចធ្លាយពីមុនបង្ហាញថាវានឹងមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbo-4 ផលិតកម្លាំងបាន ១៩០ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរង់ចាំបន្ទាប់ពីការបើកដំណើរការម្តងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម