[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Inspire ស៊េរីថ្មីចុងក្រោយ ប្រភេទចំហេះក្នុថ ICE សម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៥ ០០០ ដុល្លារ ដល់ ២៩ ០០០ ដុល្លារ ។
Honda Inspire ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៧៩ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៤៤៩ ម.ម និងប្រវែងគម្លតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ការឌីស្សាញបែបផ្នែកខាងក្រៅរបស់រថយន្តនេះ ស្រដៀងគ្នាទៅនឹងម៉ូដែល Honda Accord ដែលមានបំពាក់ប៉ាណាមុខរបស់ម៉ូដែល ZR-V ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានមកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Honda Connect 4.0 intelligent navigation system រួមទាំងប្រព័ន្ធ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុចផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Honda sensing 360+ safety system ផងដែរ ៕