Honda បញ្ចេញរូបភាព Teaser របស់រថយន្ត Honda HR-V ២០២៣ មុនចេញលក់ជាផ្លូវការនៅខែក្រោយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Honda បានបញ្ចេញរូបភាព teaser របស់ HONDA HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់ទីផ្សារអាមេរិកខាងជើង ជាមួយ​នឹង​ការ​រចនា​កាន់តែទាក់ទាញ​ មុន​នឹង​ចេញ​លក់​ជាផ្លូវការនៅ​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០២២ ខាងមុខនេះ។

តាមរូបភាព Teaser បានបង្ហាញពីចង្កៀងភ្លើងខាងក្រោយរបស់ HR-V ជំនាន់ថ្មីរបស់សហរដ្ឋអាមេរិក ប្រភេទ LED រាងអក្សរ U ជាមួយនឹងភ្លើងស៊ីញ៉ូ LED ខាងក្រោយ ជាពិសេសប៉ាណាមុខស្រដៀងទៅនឹងរថយន្ត FORD Escape ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Honda អបអរ​ឆ្នាំ​ថ្មី​ដោយ​បង្ហាញ​រូបភាព​នៃ HR-V ស៊េរីឆ្នាំ ២០២៣ ដែល​គ្រោង​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០២២ នឹង​មក​ជាមួយ​នឹង​រូបរាង​កាន់​តែ​ស្ព័រ ហើយ​លក់​តែ​ក្នុង​ទីផ្សារ​អាមេរិក​ខាង​ជើង​ប៉ុណ្ណោះ ដោយជាក់ស្តែងម៉ូដែលបែបនេះ គឺខុសគ្នាទាំងស្រុងពីប្រភេទទីផ្សាសកលដែលដាក់លក់នៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២១។

គួរឲ្យដឹងថា HONDA មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​នៅ​ឡើយ​ទេ អំពីផ្នែកម៉ាស៊ីន ប៉ុន្តែគេរំពឹងថានឹងមកជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង hybrid ឬចំណុះ ១,៥ លីត្រ។

ទន្ទឹមនឹងនេះ រថយន្ត HR-V គឺជា​គំរូ​រថយន្ត​ដ៏​លេចធ្លោ​មួយ​សម្រាប់​ក្រុមហ៊ុន Honda ចាប់តាំងពី​ក្រុមហ៊ុន​បាន​លក់​រថយន្ត​ចំនួន ១៣៧,០៩០ គ្រឿង​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​ និងគឺ​ជា​រថយន្តប្រភេទ Crossover ដែល​លក់​ដាច់​បំផុត​ទី​បី ដែល​ប្រកួតប្រជែង​ជាមួយ Chevrolet Trailblazer និង Subaru Crosstrek៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម