
ក្រុមហ៊ុនផលិតរថយន្ត Dongfeng-Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Honda S7 ប្រភេទ SUV អគ្គិសនីសុទ្ធ ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ៦០០ ដុល្លារ។
Honda S7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង W platform មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយប្រភេទ NMC ទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយប្រភេទ NMC ទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង មាន top speed ១៨០ គ.ម/ម៉ោង។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាសាមញ្ញជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ Y ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ និងដៃទ្វារប្រភេទ hidden door handles ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកញ្ចក់មើលក្រោយបែបឌីជីថលទំហំ ១០,២៥ និង ១២,៨ អ៊ីញ អេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៩,៩អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំធំនៅចំផ្នែកកណ្តាល ព្រមទាំងភ្ជាប់មកជាមួយកម្មវិធីជំនួយការបើកបររបស់ក្រុមហ៊ុន Huawei និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕