
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរូបភាពរបស់រថយន្ត Honda Civic ជំនាន់ទី ១១ មុខមាត់ថ្មី ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុន Dongfeng ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ១៧ ៩១៥ ដុល្លារ ដល់ ២៦ ១៨៩ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសចិន ។
Honda Civic ជំនាន់ទី ១១ ផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ CVT
- ម៉ាស៊ីន Hybrid ជាមួយសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៤៣ សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ១៨៤ សេះ ប្រើប្រអប់លេខអូតូ E-CVT ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥៤៨ ម.ម ទទឹង ១ ៨០២ ម.ម កំពស់ ១ ៤២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ។ សម្រាប់រូបរាងផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីបន្ថែម ផ្តល់នៅភាពកាន់តែស្ព័រ ជាមួយប៉ាណា និងរន្ធខ្យល់ខាងមុខទំហំធំ លេងការរចនាជាសំបុកឃ្មុំ ក៏ដូចជាចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ដោយទទួលបានការអាប់ដេតទៅប្រព័ន្ធ Honda Connect 4.0 និងអាចប្រើមុខងារ Apple CarPlay/Android Auto ជាដើម ៕