Honda Civic e:HEV ចេញលក់នៅម៉ាឡេស៊ី​ ជិះ១០០គ.ម ស៊ីប្រេងតែ ៤លីត្រ

[ទីផ្សារបរទេស] រថយន្ត Honda Civic ជំនាន់ទី១១ ប្រភេទ Hybrid គឺ Civic e:HEV បានប្រកាសចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសម៉ាឡេស៊ី ជាមួយតម្លៃប្រមាណ ៣៦ ៣៥០ដុល្លារ។

រថយន្តនេះមានប្រើប្រាស់ប្រព័ន្ធ Hybrid ដែលមានឈ្មោះថា Intelligent Multi-Mode Drive (i-MMD) ដែលមានរួមផ្សំដោយម៉ូទ័រអគ្គិសនីមួយ ជាមួយម៉ាស៊ីនសាំង ដោយប្រព័ន្ធ Hybrid នេះខុសពីប្រព័ន្ធ Hybrid ដទៃ ដោយម៉ាស៊ីនសាំងរបស់វាដើរតួជាអ្នកផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការលើកឡើងរបស់ Honda ឲ្យដឹងថាវិធីសាស្ត្រនេះនឹងធ្វើឲ្យរថយន្តអាចបើកបរបានកាន់តែរលូន និងជួយឲ្យរថយន្តស្ទុះបានកាន់តែរំជើបរំជួលជាងមុន។ យ៉ាងណាក្ដីពេលបើកបរល្បឿនលឿន ម៉ាស៊ីនសាំងនឹងជួយចែករំលែកកម្លាំងដល់កង់រថយន្ត ជំនួសឲ្យការផ្ដល់ថាមពលតែទៅម៉ូទ័រអគ្គិសនី។

ម៉ូទ័រអគ្គិសនីរបស់ Civic e:HEV អាចផលិតកម្លាំងបាន ១៨១សេះ និងម៉ាស៊ីនសាំងមានចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤១សេះ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ រួមជាមួយប្រអប់លេខ E-CVT។

ចំពោះកម្រិតស៊ីប្រេងគឺមានប្រមាណ ៤លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ ដែលជាកម្រិតសន្សំសំចៃខ្ពស់ធៀបនឹង Civic RS ដែលស៊ីប្រេងប្រមាណ ៦,៣លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម