រថយន្ត Honda Civic ស៊េរីឆ្នាំ២០២២ ដែលនឹងដាក់លក់នៅប្រទេសអូស្ត្រាលីឆាប់ៗនេះ នឹងមានតម្លៃចាប់ពីប្រមាណ ៣៣ ៧០០ដុល្លារឡើងទៅ ដែលថ្លៃជាងស៊េរីបច្ចុប្បន្នប្រមាណ ១១ ៦០០ដុល្លារ។
Honda Civic នៅប្រទេសនេះនឹងមានដាក់លក់ជាមួយប្រភេទ VTi LX តែមួយគត់ ដែលតម្លៃលក់របស់វាថ្លៃលើសប្រភេទ VTi-S ដែលមានដាក់លក់នាពេលបច្ចុប្បន្នប្រមាណជាង១ម៉ឺនដុល្លារ ហើយក៏ថ្លៃជាងប្រភេទ RS ដែលដាក់លក់បច្ចុប្បន្នប្រមាណ ៥ ៤០០ដុល្លារផងដែរ។
តម្លៃនេះបានធ្វើឲ្យ Honda Civic ស្ថិតនៅក្នុងលំដាប់តម្លៃជាមួយរថយន្តប្រណីតខ្នាតតូចរបស់ម៉ាករថយន្ត BMW, Mercedes-Benz និង Audi ហើយតម្លៃនេះគឺចង់ប្រហាក់ប្រហែលនឹង Honda Civic Type R ផងដែរ។
រថយន្ត Civic ដែលលក់នៅអូស្ត្រាលីមានបំពាក់ម៉ាស៊ីន ១,៥លីត្រ Turbocharged ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៣១គីឡូវ៉ាត់ និងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មួយ តាមរយៈប្រអប់លេខស្វ័យប្រវត្តិ CVT។
រថយន្តស៊េរីថ្មីនេះនឹងមានបន្ថែមមកជាមួយនូវប្រភេទ e:HEV ដែលរំពឹងថានឹងចេញលក់នៅអំឡុងចុងឆ្នាំក្រោយ ខណៈដែលប្រភេទ Type R អាចនឹងបង្ហាញមុខលើទីផ្សារក្នុងអំឡុងឆ្នាំ២០២៣៕