[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំនៅសហរដ្ឋអាមេរិកនាថ្ងៃនេះបានបង្ហាញចេញរថយន្ត CR-V ជំនាន់ថ្មី ស៊េរីឆ្នាំ២០២៣ ដែលនឹងមានតម្លៃថ្លៃលើសស៊េរីបច្ចុប្បន្នកំពុងលក់លើទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត CR-V ស៊េរី២០២២ ប្រភេទ Base ឈ្មោះថា LX ដែលមានតម្លៃចាប់ពី ២៨ ០៤៥ដុល្លារ ប៉ុន្តែពេលនេះប្រភេទ LX ត្រូវបានដកចេញហើយ ដោយចាប់ផ្ដើមឡើងជាមួយ EX 2WD តែម្ដង ដោយវាមានតម្លៃចាប់ពី ៣២ ៣៥៥ដុល្លារ ដែលធ្វើឲ្យតម្លៃចាប់ផ្ដើមនៃ CR-V ស៊េរីថ្មីថ្លៃជាងស៊េរីឆ្នាំមុន ចំនួន ៤៣១០ដុល្លារ។
យ៉ាងណា បើប្រៀបទៅនឹង CR-V EX កាលពីឆ្នាំមុន វាមានតម្លៃចាប់ពី ៣០ ៥៥៥ដុល្លារ ដែលធូរថ្លៃជាងស៊េរី២០២៣ ចំនួន ១៨០០ដុល្លារ។ ប៉ុន្តែជាមួយអេក្រង់ Touch ទំហំ៧អ៉ីញ និងម៉ាស៊ីនថ្មីដែលផលិតកម្លាំងបាន ១៩០សេះ ជាមួយការដុសខាត់បន្ថែមទៀត Honda សង្ឃឹមថាការឡើងថ្លៃនេះនឹងអាចទទួលយកបាន។
អតិថិជនដែលចង់បានជម្រើសដែលស៊ីសាំងតិច Honda មានផ្ដល់ជូនប្រភេទម៉ាស៊ីន Hybrid ដែលគួបផ្សំគ្នាអាចផលិតកម្លាំងបាន ២០៤សេះ និងមានកម្រិតស៊ីប្រេងត្រឹម ៥,៤លីត្រ ក្នុងការបើកបរ១០០គីឡូម៉ែត្រនៅក្នុងក្រុង ដែលកម្រិតប្រេងនេះគឺសន្សំសំចៃប្រេងបាន ៥៣% ធៀបនឹងម៉ាស៊ីន ១,៥លីត្រ ធម្មតា។
Honda CR-V ស៊េរីឆ្នាំ២០២៣ ក៏មានជម្រើសប្រភេទតម្លៃថ្លៃឈ្មោះថា Sport Touring ដែលមានយ៉ាន់ទំហំ ១៩អ៉ីញ, មានឧបករណ៍បំពងសំឡេង Bose ចំនួន១២គ្រាប់, ប្រព័ន្ធបង្ហាញផ្លូវផ្កាយរណប និងមុខងារពិសេសៗដទៃទៀត ដោយមានតម្លៃចាប់ពី ៣៩ ៨៤៥គ្រឿង៕