Honda Pilot ស៊េរីឆ្នាំ២០២៣ ចាប់ផ្ដើមចូលរោងចក្រផលិតជាផ្លូវការ

[ទីផ្សារបរទេស] រោងចក្រផលិតរថយន្ត Honda Alabama Auto Plant នៅឯរដ្ឋ Alabama សហរដ្ឋអាមេរិក កំពុងអបអរសាទរ​ដល់​រថយន្តម៉ូដែល Pilot ស៊េរីឆ្នាំ២០២៣ ដំបូងគេដែលបានរំកិលខ្លួនចេញពីរោងចក្រផលិត ជាសញ្ញាបញ្ជាក់ពីការចាប់​ផ្ដើមការផលិតជាផ្លូវការ។

ស្ថិតនៅក្នុងជំនាន់ទីបួន រថយន្ត Honda Pilot គឺជារថយន្ត SUV ដ៏ពេញនិយមជាងគេដែលបានផលិតនៅរោងចក្រ​ខាងលើ ដោយការផលិតរថយន្តនេះចាប់ផ្ដើមតាំងពីពេលដែល Honda ប្រកាសចេញរថយន្ត Pilot ស៊េរីឆ្នាំ២០០៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Pilot ឆ្នាំ២០២៣ ផលិតលើគ្រោងឆ្អឹងថ្មីសន្លាងដែលមានប្រវែងវែងជាងមុន និងទទឹងធំជាងមុន អាចផ្ដល់​ផ្នែកខាងក្នុងធំទូលាយ​ជាងមុន និងអាចផ្ដល់កៅអីអង្គុយដល់មនុស្សរហូតដល់៨នាក់។

រថយន្តនេះប្រើប្រាស់ម៉ាស៊ីន ៣,៥លីត្រ V6 ដែលអាចផលិតកម្លាំងបាន ២៨៥សេះ ជាគូនឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ហើយ​ការសន្សំសំចៃប្រេង និងការបើកបររំពឹងថានឹងមានភាពល្អប្រសើរជាងមុន ត្បិតថាតួលេខផ្លូវការមិនទាន់ប្រកាសចេញនៅឡើយ។

ចាប់តាំងពីឆ្នាំ២០០៦មក Honda បានលក់រថយន្ត Pilot បានជាង ២លានគ្រឿងលើទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់មួយសម្រាប់រថយន្ត SUV ខ្នាតធំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម