[ទីផ្សារបរទេស] រោងចក្រផលិតរថយន្ត Honda Alabama Auto Plant នៅឯរដ្ឋ Alabama សហរដ្ឋអាមេរិក កំពុងអបអរសាទរដល់រថយន្តម៉ូដែល Pilot ស៊េរីឆ្នាំ២០២៣ ដំបូងគេដែលបានរំកិលខ្លួនចេញពីរោងចក្រផលិត ជាសញ្ញាបញ្ជាក់ពីការចាប់ផ្ដើមការផលិតជាផ្លូវការ។
ស្ថិតនៅក្នុងជំនាន់ទីបួន រថយន្ត Honda Pilot គឺជារថយន្ត SUV ដ៏ពេញនិយមជាងគេដែលបានផលិតនៅរោងចក្រខាងលើ ដោយការផលិតរថយន្តនេះចាប់ផ្ដើមតាំងពីពេលដែល Honda ប្រកាសចេញរថយន្ត Pilot ស៊េរីឆ្នាំ២០០៣។
Honda Pilot ឆ្នាំ២០២៣ ផលិតលើគ្រោងឆ្អឹងថ្មីសន្លាងដែលមានប្រវែងវែងជាងមុន និងទទឹងធំជាងមុន អាចផ្ដល់ផ្នែកខាងក្នុងធំទូលាយជាងមុន និងអាចផ្ដល់កៅអីអង្គុយដល់មនុស្សរហូតដល់៨នាក់។
រថយន្តនេះប្រើប្រាស់ម៉ាស៊ីន ៣,៥លីត្រ V6 ដែលអាចផលិតកម្លាំងបាន ២៨៥សេះ ជាគូនឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ហើយការសន្សំសំចៃប្រេង និងការបើកបររំពឹងថានឹងមានភាពល្អប្រសើរជាងមុន ត្បិតថាតួលេខផ្លូវការមិនទាន់ប្រកាសចេញនៅឡើយ។
ចាប់តាំងពីឆ្នាំ២០០៦មក Honda បានលក់រថយន្ត Pilot បានជាង ២លានគ្រឿងលើទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់មួយសម្រាប់រថយន្ត SUV ខ្នាតធំនេះ៕