Honda បង្ហាញបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 3 និង Level 4 លើឆាកអឺរ៉ុប

Honda បានឲ្យពិភពលោកឃើញអំពីការអភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​បើកបរស្វ័យប្រវត្តិពាក់កណ្ដាល Level 3 និង Level 4 របស់ខ្លួននៅក្នុងកម្មវិធី ITS World Congress ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។

ក្នុងកម្មវិធីនេះ Honda បានបង្ហាញបច្ចេកវិទ្យារបស់ខ្លួនតាមរយៈរថយន្តម៉ូដែល Legend ចំនួនបួនគ្រឿង ដែលក្រុមហ៊ុនបានឲ្យដឹងថាខ្លួនកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងមុខងារ “Traffic Jam Chauffeur” និងមុខងារ “Motorway Chauffeur” នៅអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បានធ្វើតេស្តមុខងារទាំងពីរនៅលើទឹកដីអឺរ៉ុបក្នុងរយៈចម្ងាយ ២៥ ៩០០គីឡូម៉ែត្ររួចមកហើយ ដែលបច្ចេកវិទ្យាទាមងពីរនេះ​គឺធ្វើការសង្កេតមើលស្ថានភាពចរាចរណ៌​លើ​ដងផ្លូវ ដើម្បីអាចកាន់កាប់​ចង្កូតរថយន្តពេញ​ទី​នៅពេលដែល​ប្រព័ន្ធគិតថាមានសុវត្ថិភាព។

រថយន្ត Honda Legend Hybrid EX ដែលដាក់លក់នៅជប៉ុន មានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 3 ដែលអាចឲ្យអ្នកបើកបរលែងដៃបាន ប៉ុន្តែ Honda មានបំណងចង់អភិវឌ្ឍន៍​បច្ចេកវិទ្យានេះបន្ថែមទៀត។

កន្លងមក Honda បានបណ្ដាក់ទុន​យ៉ាងធំ​លើការស្រាវជ្រាវនិងអភិវឌ្ឍន៍​បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ហើយកាលដើមឆ្នាំក្រុមហ៊ុនបានប្រកាសពីផែនការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៌​ធ្ងន់ដែល​កើតមានឡើងដោយជាប់ពាក់ព័ន្ធរថយន្ត Honda នៅលើសកលលោក ដែលមានបំណងសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០៥០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម