Hongqi ចេញឡាន PHEV ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ អាចបើកបានដល់ ១ ៦០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Hongqi H5  ប្រភេទ Sedan ប្រើប្រាស់បច្ចេកវិទ្យា PHEV ជាមួយតម្លៃលក់ចាប់ពី ២៥ ៣០០ ដុល្លារ ដល់ ២៧ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Hongqi H5 មានប្រវែងតួខ្លួនសរុប ៤ ៩៨៨ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២២៥ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ និងជម្រើសអាគុយទំហំ ១៨,៤ និង ២៣,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣០ និង ១៧០ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៦០០ គីឡូម៉ែត្រ អាចសាកពី ៣០ ទៅ ៨០ភាគរយ ក្នុងពេល ១៣,៧នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារបស់ Hongqi H5 នៅតែប្រើប្រាស់ប៉ាណាអត្តសញ្ញាណរបស់ក្រុមហ៊ុន ជាប់ជាមួយចង្កៀងមុខរាងស្លីម និងឡូហ្គោអូសកាត់នៅលើគម្របម៉ាស៊ីន ខណៈផ្នែកខាងក្រោយវិញ មានចង្កៀងប្រភេទ LED ជាមួយការរចនារាងអក្សរ Y និងប្រើប្រាស់នូវថាសកង់ទំហំ ១៨អ៊ីញ។

ចំពោះផ្នែកខាងក្នុងវិញ មានការរចនាផ្តោតលើប្រណិតភាព បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ភ្លើងលម្អចំនួន ២៥៣ពណ៌ កៅអីមានមុខងារកម្តៅ-ត្រជាក់ ឧបករណ៍បំពងសំឡេង Dynaudio sound system មុខងារបញ្ជារតាមសម្លេង និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម