[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hongqi H6 ប្រភេទ sedan តួវែងនៅឯពិព័រណ៌រថយន្ត Shanghai Auto Show ជាមួយតម្លៃលក់ចាប់ពី ២៧ ៩៤០ ដុល្លារ ដល់ ៣៤ ៧៥១ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។ សម្រាប់ការរចនារបស់ Hongqi H6 នៅតែប្រើប្រាស់ប៉ាណាអត្តសញ្ញាតិរបស់ក្រុមហ៊ុន ជាប់ជាមួយចង្កៀងមុខរាងស្រួច និងឡូហ្គោអូសកាត់នៅលើគម្របម៉ាស៊ីន និងផ្នែកខាងក្រោយ មានចង្កៀងប្រភេទ LED ជាមួយការរចនារាងអក្សរ Y ។
ផ្នែកខាងក្នុងមានការរចនាផ្តោតលើប្រណិតភាព ដោយផ្ទៃតាឡូមានរាងកោង និងរុំព័ទ្ធទៅនឹងភ្លើងលម្អ ក៏ដូចជាអេក្រង់កំសាន្ត touchscreen បញ្ឈរដ៏ធំនៅកណ្តាលកុងសូល ។ លក្ខណៈពិសេសផ្សេងទៀតរួមមានការភ្ជាប់បណ្តាញ 5G, កៅអីមានខ្យល់ និងការម៉ាស្សា, ដៃចង្កូតមុខងារកំដៅ, អេក្រង់បង្ហាញលើកញ្ចក់ និងសមត្ថភាពបើកបរពាក់កណ្តាលស្វ័យប្រវត្តិ semi-autonomous driving ផងដែរ ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តមានមកជាមួយជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២២១ សេស និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ
- ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៤៨ សេស និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំងនេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ៕