[ទីផ្សារបរទេស] ចៅហ្វាយក្រុងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានក្លាយជាអ្នកដំណើរដំបូងដែលបានប្រើប្រាស់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិរបស់ Hyundai ដែលទើបតែបើកដំណើរការសាកល្បង។
គម្រោងការសាកល្បងនេះមានឈ្មោះថា RoboRide ដែលគេនឹងឃើញរថយន្ត Ioniq 5 ចំនួនពីរគ្រឿង មានបំពាក់បច្ចេកវិទ្យាទំនើបផុតលេខ បើកបរនៅជុំវិញសង្កាត់ Gangnam ដែលជាសង្កាត់ដ៏មមាញឹកបំផុតមួយនៃទីក្រុងសេអ៊ូល។
រថយន្តអគ្គិសនី Ioniq 5 ដែលប្រើក្នុងគម្រោងការនេះ បានបំពាក់មកជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 4 ដោយរថយន្តនេះបានប្រតិបត្តិការក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Jin Mobility ជាក្រុមហ៊ុនដែលប្រតិបត្តិការនូវប្រព័ន្ធរថយន្តតាក់ស៊ី AI។ ជាមួយគម្រោងការនេះ Hyundai និង Jin Mobility បានក្លាយជាស្ថាប័នដំបូងគេដែលប្រតិបត្តិការរថយន្តតាក់ស៊ីស្វ័យប្រវត្តិនៅក្នុងតំបន់ Gangnam។
តាមពិតទៅ Hyundai បានធ្វើការជាមួយរដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ដើម្បីបង្កើតនូវប្រព័ន្ធដែលអាចតភ្ជាប់ភ្លើងចរាចរណ៍ទៅកាន់រថយន្តបើកបរស្វ័យប្រវត្តិ ហើយក្រុមហ៊ុនបានប្រមូលទិន្នន័យជាមួយការសាកល្បងរថយន្តបើកបរស្វ័យប្រវត្តិនៅក្នុងតំបន់ Gangnam តាំងពីឆ្នាំ២០១៩។
ដោយសារជាគម្រោងការសាកល្បង ហេតុនេះសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនឹងត្រូវរឹតត្បិតដើម្បីបង្ការរថយន្តបើកបរស្វ័យប្រវត្តិបង្កជាភាពរញ៉េរញ៉ៃជាមួយភ្លើងសញ្ញាចរាចរណ៍៕