ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានប្រកាសអំពីផែនការបញ្ចេញលក់រថយន្ត Nexo ជារថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែន នៅទីផ្សារប្រទេសជប៉ុននៅត្រឹមឆ្នាំ ២០២២ ដែលវានឹងជាការវិលត្រឡប់ជាថ្មីរបស់ Hyundai។
Hyundai បានឈានជើងចូលទីផ្សារជប៉ុនជាលើកដំបូងក្នុងឆ្នាំ ២០០១ ប៉ុន្តែដោយសារតែមិនអាចទទួលបានជោគជ័យ ក្រុមហ៊ុនក៏បានដកខ្លួនចេញក្នុងឆ្នាំ ២០០៩។ ការវិលត្រឡប់លើកនេះគឺជាមួយគោលដៅសាងមុខមាត់ម៉ាកសញ្ញា Hyundai ឡើងវិញ ជាមួយរថយន្តដើរដោយថាមពលអគ្គិសនី និងថាមពលអ៊ីដ្រូហ្សែន។
រដ្ឋាភិបាលប្រទេសជប៉ុននាពេលកន្លងមកនេះបានព្យាយាមផ្សព្វផ្សាយអំពីរថយន្តអគ្គិសនី និងផ្ដល់ការជួយជ្រោមជ្រែងពេលពលរដ្ឋទិញរថយន្តដែលជួយដល់បរិស្ថានផងដែរ ដែលវាជាចំណុចទាក់ទាញមួយ នាំឲ្យ Hyundai ចង់វិលត្រឡប់ចូលទីផ្សារជប៉ុន៕