[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai និងក្រុមហ៊ុន LG Energy Solution បានបណ្តាក់ទុនរួមគ្នា ៥០% នៅទឹកប្រាក់ចំនួន ៤,៣ ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីដែលមានសមត្ថិភាព ៣០ GWH នឹងអាចផ្គត់ផ្គង់រថយន្តអគ្គិសនី ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅឯសហរដ្ឋអាមេរិក ។
លោក Jaehoon Chang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hyundai បាននិយាយថា “ក្រុមហ៊ុន Hyundai Motor Group កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គិសនីរបស់ខ្លួន ដើម្បីទទួលបានតំណែងជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក តាមរយៈការបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាមួយ LG Energy Solution ដែលជាអ្នកផលិតថ្មសកលឈានមុខគេ និងជាដៃគូយូរអង្វែង។”
សម្រាប់រោងចក្រថាមពលអាគុយដែលបានប្រកាសថ្មីនេះនឹងមានទីតាំងនៅជាប់រោងចក្រ Meta Plant ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Hyundai កំពុងសាងសង់នៅទីក្រុង Savannah ទីតាំងនោះនឹងផលិតរថយន្ត Hyundai Ioniq 7 ក៏ដូចជា Kia EV9 ក្នុងចំណោមរថយន្តផ្សេងទៀតដែលមានមូលដ្ឋានលើគ្រោងឆ្អឹង E-GMP platform ។
រោងចក្រអាគុយថ្មីនេះគឺជារោងចក្រថ្មីបំផុតដែលក្រុមហ៊ុន Hyundai Group បានសាងសង់នៅរដ្ឋ Georgia ដោយបានប្រកាសពីរោងចក្រតម្លៃ ៥ ពាន់លានដុល្លារនៅក្នុងខែមេសា។ របាយការណ៍បង្ហាញថា រោងចក្រមួយទៀតក៏កំពុងដំណើរការផងដែរ ហើយទាំងអស់មានគោលបំណងចាប់ផ្តើមផលិតអាគុយសម្រាប់រថយន្តក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ នៅពេលដែលរោងចក្រ Meta Plant រួចរាល់ដើម្បីចាប់ផ្តើមផលិតរថយន្ត។
គួរឲ្យដឹងថា រោងចក្រអាគុយដែលបានប្រកាសថ្មីនេះ ទំនងជាអាចជួយក្រុមហ៊ុន Hyundai និងរថយន្តអគ្គិសនី Kia EVs មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឧបត្ថម្ភធនពន្ធសហព័ន្ធដែលមានតម្លៃរហូតដល់ ៧ ៥០០ ដុល្លារ (7500$) សម្រាប់អ្នកទិញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន៕