បើទោះបីជា Kona EV គឺជារថយន្តអគ្គិសនីលក់ដាច់ជាងគេបំផុតនៅអឺរ៉ុបក៏ដោយ ក៏ការប្រមូលយកមកវិញ (recall) អាចនឹងត្រូវចំណាយអស់យ៉ាងច្រើន នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។
ការប្រមូលយករថយន្តមកវិញនេះ ត្រូវបានបង្កឡើងដោយសារតែអគ្គិភ័យជាច្រើនករណី ក៏ដូចជា ប្រព័ន្ធហ្វ្រាំងខូច ដែលនាំឲ្យក្រុមហ៊ុនផលិតរថយន្តនេះពិចារណាថា នឹងបញ្ចប់ការលក់ក្នុងស្រុកសម្រាប់ប្រភេទរថយន្ត Crossover អគ្គិសនីនេះតែម្តង។
ទោះយ៉ាងណា យោងទៅតាមកាសែតក្នុងស្រុក JoonAng Daily និយាយថា ការលក់នៃរថយន្ត Kona EV នឹងបន្តនៅអឺរ៉ុបដដែល។ ខណៈពេលដែលបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាំងនេះ ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ពួកគេកំពុងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗគ្នា ស្របពេលកំពុងត្រៀមដាក់បង្ហាញរថយន្ត Ioniq 5។
គួរឲ្យដឹងថា រថយន្ត Kona EV ត្រូវបានកោះហៅនៅក្នុងប្រទេសកូរ៉េត្រលប់មកវិញ កាលពីខែតុលា ដោយសារតែគ្រោះថ្នាក់នៃសៀគ្វីខ្លី (short circuit risk) ដែលអាចបណ្តាលមកពីការផលិតមិនត្រឹមត្រូវ នៃបន្ទះអាគុយវ៉ុលខ្ពស់ (high-voltage battery cells) របស់រថយន្ត។ ការហៅមកវិញនេះរួមមានការធ្វើបច្ចុប្បន្នភាពកម្មវិធី និងការជំនួសអាគុយថ្មី បន្ទាប់ពីការត្រួតពិនិត្យ ដោយមានពាក់ព័ន្ធលើរថយន្តចំនួន ២៥ ៥៦៤ គ្រឿង ដែលបានផលិតនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៧ និង ខែមីនា ឆ្នាំ ២០២០៕