ក្រុមហ៊ុន Hyundai មានគម្រោងធំចំពោះរថយន្តអគ្គិសនីរបស់ខ្លួន ដោយកំណត់គោលដៅលក់ឲ្យបាន ៥៦០ ០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។
ក្នុងអំឡុងការប្រកាសកាលពីដើមសប្តាហ៍មុន ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងនេះ ក៏បានបង្ហាញពីគម្រោងចង់បញ្ចេញរថយន្តអគ្គិសនីចំនួន ១៦ម៉ូដែលត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះ គូប្រជែងដូចជា Volkswagen កំពុងរំពឹងថានឹងលក់រថយន្តអគ្គិសនីឲ្យបាន ២២លានគ្រឿងក្នុងរយៈពេល ១០ឆ្នាំទៀត ខណៈ General Motors ចង់លក់រថយន្តអគ្គិសនីឲ្យបាន ១លានគ្រឿងត្រឹមឆ្នាំ២០២៥។
គួរឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Hyundai មានរថយន្តអគ្គិសនីម៉ូដែល Ioniq ដែលប្រើកញ្ចប់អាគុយទំហំ ៣៨គីឡូវ៉ាត់ម៉ោង មានកម្លាំង១៣៤សេះ អាចបើកបរបានចម្ងាយជិត ៣០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង។ ក្រៅពីនោះ ក្រុមហ៊ុននេះក៏មានរថយន្ត Hybrid និង Plug-in Hybrid ជាច្រើនម៉ូដែលទៀតផងដែរ៕