ក្រុមហ៊ុន Hyundai បានបង្ហាញចេញរថយន្តម៉ាក Alcazar ស៊េរីថ្មីសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ រថយន្ត Alcazar ផលិតឡើងផ្អែកលើគ្រោង K2 ដែលស្រដៀងគ្នានឹងរថយន្ត Creta និង Kia Seltos។
បើទោះបីវា ផលិតឡើងផ្អែកលើគ្រោង K2 ដែលស្រដៀងគ្នានឹងរថយន្ត Creta ប៉ុន្តែរថយន្តនេះមានប្រវែងពីកង់មុខ ទៅកង់ក្រោយវែងជាង Creta ចំនួន ១៥០mm ដែលវាមានប្រវែងសរុប ២ ៧៦០mm ព្រមទាំងបានអភិវឌ្ឍថ្មីទៅលើ ប៉ាណាខាងមុខ និងចង្កៀងផងដែរ។
ដោយសារវាជា Premium SUV រថយន្តនេះមានកៅអី ចំនួន៧ ហើយនៅកៅអីជួរទី២ មានបំពាក់ជាមួយតាប្លូកណ្តាលផងដែរ។ Hyundai មិនបានបញ្ហាញអំពីផ្នែកខាងក្នុងនៃរថយន្តនេះឡើយ ប៉ុន្តែ តាមរយ: រថយន្ត Creta គេរំពឹងថាវានិងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ និងមានរន្ធសាកថ្មឥតខ្សែមកជាមួយ។
រថយន្ត Alcazar ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥៧សេះ កម្លាំងរមួល ១៩១Nm និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលតិចជាង ១០វិនាទី។ បន្ថែមពីនេះ វាក៏មានជម្រើស ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ដែលមានកម្លាំង ១១៣សេះ និងកម្លាំងរមួល ២៥០Nm ផងដែរ៕