ស្របពេលដែលមនុស្សជាច្រើនកំពុងសម្រុក និងចាប់អារម្មណ៍លើកម្មវិធី Los Angeles Auto Show ក្រុមហ៊ុន Hyundai ឯណេះវិញបានបញ្ចេញរថយន្តអគ្គិសនី Lafesta EV នៅក្នុងប្រទេសចិន។
រថយន្ត Hyundai Lafesta EV ដែលនឹងចេញលក់នៅដើមឆ្នាំក្រោយ មានការរចនាបែប Sensuous Sportiness យ៉ាងទាក់ទាញ រំលេចដោយចង្កៀង LED និងក្រូមយ៉ាងស្រស់ស្អាតផងដែរ។
ដោយឡែកផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនីរបស់ប្រទេសកូរ៉េខាងលើ បំពាក់ដៃចង្កូតរាងអក្សរ D, កុងទ័រជីឌីថលទំហំ ៧អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីង ដែលអាចបង្ហាញទីតាំងសាកភ្លើងរថយន្តទៀតផង។
មិនតែប៉ុណ្ណោះ វាក៏បំពាក់បច្ចេកវិទ្យាទំនើបៗដូចជា Blind-Spot Collision Avoidance Assist, Forward Collision-Avoidance Assist, Safe Exit Warning និង Rear Cross-Traffic Collision-Avoidance Assist ព្រមទាំងពោងសុវត្ថិភាពចំនួន៦ផងដែរ។
Hyundai មិនបានបញ្ជាក់អ្វីច្រើនឡើយ ប៉ុន្តែអះអាងថា Lafesta EV ប្រើកញ្ចប់អាគុយកម្លាំង ៥៦,៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ហើយអាចបើកបរបានចម្ងាយ ៤៩០គីឡូម៉ែត្រពេលសាកភ្លើងពេញម្តង៕