Hyundai ដំណើរការឡានតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅកូរ៉េខាងត្បូង

[ទីផ្សារបរទេស] ចៅហ្វាយក្រុងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាន​ក្លាយ​ជាអ្នកដំណើរដំបូងដែលបាន​ប្រើប្រាស់​សេវាកម្ម​តាក់ស៊ីបើកបរស្វ័យប្រវត្តិរបស់ Hyundai ដែលទើបតែបើកដំណើរការសាកល្បង។

គម្រោងការសាកល្បងនេះមានឈ្មោះថា RoboRide ដែលគេនឹងឃើញរថយន្ត Ioniq 5 ចំនួនពីរគ្រឿង មានបំពាក់បច្ចេកវិទ្យា​ទំនើប​ផុតលេខ បើកបរនៅ​ជុំវិញ​សង្កាត់ Gangnam ដែលជាសង្កាត់ដ៏មមាញឹកបំផុតមួយនៃទីក្រុងសេអ៊ូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Ioniq 5 ដែលប្រើក្នុងគម្រោងការនេះ បានបំពាក់មកជាមួយបច្ចេកវិទ្យាបើកបរ​ស្វ័យប្រវត្តិ Level 4 ដោយ​រថយន្ត​នេះ​បាន​ប្រតិបត្តិការក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Jin Mobility ជាក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​នូវ​ប្រព័ន្ធ​រថយន្ត​តាក់​ស៊ី​ AI។ ជាមួយគម្រោងការនេះ Hyundai និង Jin Mobility បានក្លាយជា​ស្ថាប័ន​ដំបូងគេដែល​ប្រតិបត្តិការ​រថយន្តតាក់ស៊ីស្វ័យប្រវត្តិ​នៅ​ក្នុងតំបន់ Gangnam។

តាមពិតទៅ Hyundai បានធ្វើការជាមួយរដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ដើម្បី​បង្កើត​នូវ​ប្រព័ន្ធ​ដែល​អាច​ត​ភ្ជាប់​ភ្លើង​ចរាចរណ៍​ទៅ​កាន់​រថយន្តបើកបរស្វ័យប្រវត្តិ ហើយក្រុមហ៊ុន​បានប្រមូល​ទិន្នន័យជាមួយការសាកល្បងរថយន្តបើកបរស្វ័យប្រវត្តិ​នៅ​ក្នុង​តំបន់ Gangnam តាំងពីឆ្នាំ២០១៩។

ដោយសារជាគម្រោងការសាកល្បង ហេតុនេះសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនឹងត្រូវរឹតត្បិតដើម្បី​បង្ការ​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិបង្កជាភាព​រញ៉េរញ៉ៃជាមួយ​ភ្លើងសញ្ញាចរាចរណ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម