Hyundai ត្រៀមបញ្ចេញកូនឡានអគ្គិសនីពីរម៉ូដែល វាយលុកទឹកដីអឺរ៉ុប

[ទីផ្សារបរទេស] កាលពីខែមុន Hyundai បានបញ្ជាក់ថាពួកគេកំពុងអភិវឌ្ឍន៍​រថយន្តអគ្គិសនីខ្នាតតូចដែលមាន​តម្លៃ​ធូរ​ថ្លៃ​មួយ​ម៉ូដែល​សម្រាប់ទីផ្សារអឺរ៉ុប ដោយតម្លៃរបស់វារំពឹងថាមិនដល់ ២ម៉ឺន​ដុល្លារឡើយ។ ប៉ុន្តែ​ការចុះផ្សាយថ្មីបានអះអាងថា​មាន​រថយន្ត​អគ្គិសនី​មួយទៀតដែល Hyundai កំពុងផលិត។

ការចុះផ្សាយរបស់ Autocar បានអះអាងថារថយន្តអគ្គិសនីទាំងពីររំពឹងថាប្រកាសចេញនៅពាក់កណ្ដាលឆ្នាំ២០២៣ និងនៅ​ចុង​ឆ្នាំ​២០២៤ ដោយមានប្រើប្រាស់គ្រោងឆ្អឹងតែមួយ។ រថយន្តទាំងពីរនេះ​នឹងជាអ្នកស្នងតំណែងរថយន្ត Hyundai i10 ជា​រថយន្ត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ទីក្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំងពីររំពឹងថានឹងជាគូប្រជែងដ៏ខ្លាំងក្លារបស់រថយន្ត VW ID.1 និង ID.2 ដែល​ត្រៀម​ប្រកាស​ចេញ​ រួមទាំង​ជា​គូ​ប្រជែង​របស់​រថយន្ត​មកពីក្រុមហ៊ុន Skoda និង Cupra ផងដែរ។ គួរដឹងថា VW Group ក៏​មាន​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ធូរ​ដែរ ដែល​បង្ហាញថា​វានឹងក្លាយជាទីផ្សារប្រកួតប្រជែងថ្មី។

គិតមកត្រឹមពេលនេះ អ្វីដែលគេបានដឹងអំពីរថយន្តអគ្គិសនីខ្នាតតូចរបស់ Hyundai គឺវានឹងប្រើប្រាស់​គ្រឿងបន្លាស់​របស់​ក្រុមហ៊ុន BorgWarner ដែលអាចផលិតកម្លាំងបាន ១៨១សេះ ដែលកម្លាំងនេះគឺលើសពីគ្រប់គ្រាន់ទៅហើយ​សម្រាប់រថយន្ត​បើកបរ​ក្នុង​ទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម