Hyundai និង LG បណ្តាក់ទុនរួមគ្នានៅទឹកប្រាក់ ៤,៣ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រអាគុយនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai និងក្រុមហ៊ុន LG Energy Solution បានបណ្តាក់ទុនរួមគ្នា ៥០% នៅទឹកប្រាក់ចំនួន ៤,៣ ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីដែលមានសមត្ថិភាព ៣០ GWH  នឹងអាចផ្គត់ផ្គង់រថយន្តអគ្គិសនី ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅឯសហរដ្ឋអាមេរិក ។

លោក Jaehoon Chang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hyundai បាននិយាយថា “ក្រុមហ៊ុន Hyundai Motor Group កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គិសនីរបស់ខ្លួន ដើម្បីទទួលបានតំណែងជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក តាមរយៈការបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាមួយ LG Energy Solution ដែលជាអ្នកផលិតថ្មសកលឈានមុខគេ និងជាដៃគូយូរអង្វែង។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រោងចក្រថាមពលអាគុយដែលបានប្រកាសថ្មីនេះនឹងមានទីតាំងនៅជាប់រោងចក្រ Meta Plant ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Hyundai កំពុងសាងសង់នៅទីក្រុង Savannah ទីតាំងនោះនឹងផលិតរថយន្ត Hyundai Ioniq 7 ក៏ដូចជា Kia EV9 ក្នុងចំណោមរថយន្តផ្សេងទៀតដែលមានមូលដ្ឋានលើគ្រោងឆ្អឹង E-GMP platform ។

រោងចក្រ​អាគុយ​ថ្មី​នេះ​គឺ​ជា​រោងចក្រ​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន Hyundai Group បាន​សាងសង់​នៅ​រដ្ឋ Georgia ដោយ​បាន​ប្រកាស​ពី​រោងចក្រតម្លៃ ៥ ពាន់លានដុល្លារនៅក្នុង​ខែ​មេសា។ របាយការណ៍បង្ហាញថា រោងចក្រមួយទៀតក៏កំពុងដំណើរការផងដែរ ហើយទាំងអស់មានគោលបំណងចាប់ផ្តើមផលិតអាគុយសម្រាប់រថយន្តក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ នៅពេលដែលរោងចក្រ Meta Plant រួចរាល់ដើម្បីចាប់ផ្តើមផលិតរថយន្ត។

គួរឲ្យដឹងថា រោងចក្រអាគុយដែលបានប្រកាសថ្មីនេះ ទំនងជាអាចជួយក្រុមហ៊ុន Hyundai និងរថយន្តអគ្គិសនី Kia EVs មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឧបត្ថម្ភធនពន្ធសហព័ន្ធដែលមានតម្លៃរហូតដល់ ៧ ៥០០ ដុល្លារ (7500$) សម្រាប់អ្នកទិញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម