ក្រុមហ៊ុន Hyundai បានបង្ហាញចេញរូបភាព Teaser ផ្លូវការមួយអំពីសែស្រឡាយរថយន្តត្រកូល Ioniq ពេញលេញរបស់ខ្លួន ដែលក្នុងនោះមានរួមបញ្ចូលនូវរថយន្ត SUV Concept ខ្នាតធំ ដែលនឹងត្រូវផលិតចេញជារថយន្ត Ioniq 7។
រថយន្ត Ioniq 7 រំពឹងថានឹងបង្ហាញវត្តមានលើទីផ្សារក្នុងឆ្នាំ២០២៤ រួមជាមួយរថយន្ត Ioniq 5 Hatchback ជាមួយនឹងរថយន្ត Ioniq 6 Sedan ដែលនឹងប្រកាសចេញនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
ក្រៅពីបានបង្ហាញរូបភាព Teaser នេះ Hyundai មិនបានផ្ដល់ដំណឹងអ្វីបន្ថែមនោះទេ ប៉ុន្តែគេដឹងថារថយន្ត Ioniq ទាំងអស់របស់ Hyundai នឹងប្រើប្រាស់គ្រោងឆ្អឹង E-GMP ដែលផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី។ សម្រាប់រថយន្ត Ioniq 7 ទំនងជាប្រើគ្រោងឆ្អឹង E-GMP ប្រវែងវែងដើម្បីអាចបំពាក់កៅអីបីជួរនៅខាងក្នុងបាន ហើយវាទំនងជាមានបំពាក់អាគុយកាន់តែធំផងដែរ។
ពីមុនមក Hyundai ធ្លាប់បានបញ្ជាក់ថារថយន្តអគ្គិសនី SUV ធំរបស់ខ្លួននឹងប្រើប្រាស់អាគុយដែលមានទំហំផ្ទុក ១០០kWh និងបច្ចេកវិទ្យា ៨០០វ៉ុល ហើយអាចបើកបរបានចម្ងាយលើសពី ៤៨០គីឡូម៉ែត្រ។