Hyundai បញ្ជាក់ថាកំពុងផលិតឡានអគ្គិសនីតម្លៃធូរថ្លៃ

[ទីផ្សារបរទេស] មួយរយៈចុងក្រោយនេះ Hyundai បានផ្ដោតខ្លាំងលើការប្រកាសចេញរថយន្តអគ្គិសនី ដោយថ្មីៗនេះទើបប្រកាស​ចេញ​រថយន្ត Ioniq 6 ជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla Model 3 ហើយនៅឆ្នាំ​២០២៤ ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​រថយន្ត Ioniq 7 មួយទៀតដែលជា SUV កៅអីបីជួរ។

ដោយឡែកសម្រាប់រថយន្តអគ្គិសនីខ្នាតតូចដែលមានតម្លៃធូរថ្លៃ អតិថិជនប្រហែលជាត្រូវរង់ចាំយូរបន្តិច។ ពេលនិយាយ​ជាមួយ Automotive News Europe ប្រធាន​ផ្នែកទីផ្សាររបស់ Hyundai នៅអឺរ៉ុប ឈ្មោះថា Andreas-Christoph Hofmann បាន​និយាយថា​រថយន្តអគ្គិសនីតម្លៃធូរកំពុងស្ថិតក្នុងការផលិត ដែលមានតម្លៃប្រមាណ ២ម៉ឺនអឺរ៉ូ (ជាង ២ម៉ឺនដុល្លារ)។

ប្រធានផ្នែករូបនេះបានទទួលស្គាល់ថាការអភិវឌ្ឍរថយន្តខ្នាតតូច ជាពិសេសជារថយន្តអគ្គិសនីទៀតនោះ គឺ​ជា​អាជីវកម្ម​ប្រថុយប្រថា​ន​មួយ ដោយរថយន្តអគ្គិសនីខ្នាតតូច​ពិបាកក្នុងការស្វែងរកប្រាក់ចំណេញ។ នេះជាហេតុផលដែល Hyundai ផ្ដោតលើ​ការ​ប្រកាស​ចេញ​រថយន្តអគ្គិសនីធំ ដោយក្នុងនោះ Ioniq 7 គឺជារថយន្តធំជាងគេ ដែលផលិត​ជាសំខាន់សម្រាប់​ទីផ្សារ​អាមេរិក ប៉ុន្តែ​ក៏​នឹង​មាន​លក់​នៅអឺរ៉ុបផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានផ្នែករូបនេះបាន​លើកឡើងដែរថា Hyundai នឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីៗបន្ថែមទៀត ព្រោះថា​ក្រុមហ៊ុន​មាន​ផែន​ការប្រកាសចេញរថយន្តអគ្គិសនីមិន​ក្រោម ១១ម៉ូដែលឡើយ នៅមុនដំណាច់​ឆ្នាំ២០៣០។ គិតត្រឹមឆមាសដំបូងនៃឆ្នាំនេះ រថយន្ត​អគ្គិសនី​មាន​ចំណែក ១៦% នៃចំនួនលក់របស់ Hyundai នៅអឺរ៉ុប ខណៈដែលចំណែកទីផ្សាររបស់ Hyundai មានកំណើន​ ១% ឡើងដល់ ៤,៧% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម