ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានប្រកាសអំពីគម្រោងនៃការបង្កើតរោងចក្រផលិតកោសិកាឥន្ធនៈអ៊ីដ្រូហ្សែនចំនួនពីរថ្មី ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីពន្លឿនកំណើននៃអាជីវកម្មអ៊ីដ្រូហ្សែនរបស់ខ្លួន។
ក្នុងពិធីបើកការដ្ឋាននៃសាងសង់នៅទីក្រុងអ៊ីនឆុន(Incheon) ដែលជាទីកន្លែងនៃរោងចក្រថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថាខ្លួនបានធ្វើការវិនិយោគទឹកប្រាក់សរុបប្រមាណ ១,១ពាន់លានដុល្លារទៅលើការបង្កើតរោងចក្រនេះ ជាមួយនឹងការចាប់ផ្តើមផលិតថាមពលអ៊ីដ្រូហ្សែននៅឆមាសទី២ នៃឆ្នាំ ២០២៣ ដោយអាចផលិតបានថាមពលអ៊ីដ្រូហ្សែនប្រមាណ ១០ម៉ឺនកោសិកាឥន្ធនៈអ៊ីដ្រូហ្សែនក្នុងមួយឆ្នាំ។
យ៉ាងណាមិញរោងចក្រថ្មីនេះ វានឹងចូលរួមជាមួយរោងចក្រដែលមានស្រាប់របស់ក្រុមហ៊ុន Hyundai នៅទីក្រុងជុងជូ (Chunju) ដែលជារោងចក្រមួយអាចផលិតបានកោសិកាឥន្ធនៈអ៊ីដ្រូហ្សែនប្រមាណចំនួន ២៣ ០០០ក្នុងមួយឆ្នាំ។
បន្ថែមពីនេះ រោងចក្រថ្មីនេះដែរ Hyundai សង្ឃឹមថាវានឹងជួយអោយអាជីវកម្មអ៊ីដ្រូហ្សែនរបស់ខ្លួនកាន់តែរីកចម្រើន។ បច្ចុប្បន្ន Hyundai ក៏មានគម្រោងក្នុងការបង្កើតប្រព័ន្ធថ្មីសម្រាប់រថយន្ត គ្រឿងចក្រ និងយានសម្រាប់ដឹកជញ្ជូនផងដែរ៕