Hyundai ប្រកាសចេញឡានអគ្គិសនីថ្មីនៅក្នុងប្រទេសឥណ្ឌា សាកម្តងរត់បានជិត ៥០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Hyundai Creta Electric ប្រភេទ Crossover ខ្នាតតូច សម្រាប់ប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីដ៏ទៃដូចជា Suzuki eVitara, Mahindra BE 6 និង Tata Curvv EV ហើយគ្រោងដាក់បង្ហាញជាផ្លូវការនៅក្នុងកម្មវិធី Bharat Mobility Show នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៧ ខែមករា ខាងមុខនេះ ជាមួយតម្លៃលក់រំពឹងទុកចាប់ពី ២៥ ០០០ ដុល្លារ។

រថយន្តថ្មីនេះ ទទួលបានជម្រើសអាគុយចំនួន ២ រួមមានអាគុយទំហំ ៤២ និង ៥១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៩០ និង ៤៧៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៥៨នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅវិញ មានបំពាក់ប៉ាណាមុខបិតជិត និងមានឡូហ្គូល Hyundai នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងមានបំពាក់រន្ធសាកថ្មនៅចំផ្នែកខាងមុខតែម្តង។

ខណៈផ្នែកខាងក្នុង ទទួលបានចង្កូតថ្មី ប្រអប់លេខថ្មីរបស់ Ioniq 5 អេក្រង់ទំហំ ២០,៥ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ របៀបបើកបរចំនួន៣ រួមមាន Eco, Normal និង Sport និងឧបករណ៍ផ្ទេរថាមពល V2L ។ គួរបញ្ជាក់ថា ព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម