[ទីផ្សារបរទេស] ស្របពេលដែល Hyundai ផ្លាស់ប្ដូរទៅផ្ដោតលើរថយន្តអគ្គិសនីសុទ្ធដូចជា Ioniq 5 មិនមានចន្លោះទំនេរទៀតនោះទេសម្រាប់រថយន្តដំបូងរបស់ Hyundai ដែលប្រើឈ្មោះ Ioniq និងជារថយន្តដែលសន្សំសំចៃជាងគេរបស់ Hyundai។
Hyundai បានប្រកាសថារថយន្ត Ioniq Hybrid និង Ioniq Electric នឹងបញ្ឈប់ការផលិតនៅរោងចក្រនៅប្រទេសកូរ៉េខាងត្បូង នាខែកក្កដា ឆ្នាំ២០២២នេះ។
រថយន្ត Ioniq បានបង្ហាញវត្តមានដំបូងកាលពីឆ្នាំ២០១៦ និងបានទទួលការអាប់ដេតខ្លះៗសម្រាប់ម៉ូដែលឆ្នាំ២០២០។ Hyundai មានផ្ដល់ជូនជាប្រភេទ Hybrid, Plug-in Hybrid និងប្រភេទអគ្គសិនីសុទ្ធនៃរថយន្ត Ioniq។
ក្រុមហ៊ុន Hyundai និយាយថាការសម្រេចចិត្តនេះគឺផ្អែកតាមការផ្លាស់ប្ដូររបស់អតិថិជន ហើយក្រុមហ៊ុននឹងផ្ដោតបន្ថែមលើរថយន្តអគ្គិសនីសុទ្ធ ដូចជារថយន្តម៉ូដែល Ioniq 6 និង Ioniq 7 ដែលរំពឹងថាប្រកាសចេញឆាប់ៗ។
Ioniq Hybrid ដើមឡើយ បានប្រកាសចេញក្នុងនាមជាគូប្រជែងរបស់ Toyota Prius និងបានក្លាយជារថយន្តដែលសន្សំសំចៃខ្ពស់ជាងគេនៅក្នុងសហរដ្ឋអាមេរិក ជាមួយកម្រិតស៊ីប្រេងត្រឹម ៣,៩៨លីត្រ ក្នុង ១០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះវាមានតម្លៃត្រឹម ២៣ ៦០០ដុល្លារ ធូរថ្លៃជាង Toyota Prius៕