Hyundai បានបង្ហាញចេញរូបរាង Teaser ដែលបង្ហើបអំពីមុខមាត់ថ្មីនៃរថយន្ត Santa Fe សម្រាប់ស៊េរីឆ្នាំ ២០២១។
រូបភាព Teaser បានបង្ហាញឲ្យឃើញនូវការផ្លាស់ប្ដូរធំមួយខុសពីស៊េរីបច្ចុប្បន្នគឺការបំពាក់អំពូលភ្លើងខាងមុខដែលខណ្ឌចែកដោយអំពូលបំភ្លឺពេញថ្ងៃ (DRL) ប្រភេទ LED ដែលអំពូល DRL នេះគឺមានរាងជាអក្សរ T។ មិនត្រឹមតែធ្វើឲ្យវាប្លែកខុសពី Santa Fe ស៊េរីបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ខុសពីម៉ូដែលផ្សេងៗទៀតក្នុងគ្រួសារ Hyundai ផងដែរ។ មួយទៀតនោះគឺរន្ធខ្យល់ផ្នែកខាងមុខមានរចនាបថបែបសំណាញ់ដែលមានទំហំទូលាយជាងមុន។
ក្រៅពីផ្លាស់ប្ដូរមុខមាត់ហើយនោះ Hyundai បានឲ្យដឹងដែរថា Santa Fe ថ្មីនឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីជំនាន់ទីបី ដែលមានទម្ងន់ស្រាលជាងមុន អាចឲ្យរថយន្តទប់លំនឹងបានល្អ និងផ្ដល់សុវត្ថិភាពខ្ពស់ផងដែរ។ គ្រោងឆ្អឹងថ្មីនេះក៏អាចឲ្យ Hyundai បន្ថែមជម្រើសម៉ាស៊ីន Hybrid និង Plug-in Hybrid ជាលើកដំបូងបំផុតសម្រាប់ Santa Fe។
Hyundai និយាយថាដំណឹងបន្ថែមអំពីរថយន្ត SUV ថ្មីនេះនឹងបង្ហាញចេញនៅក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត ហើយនៅទីផ្សារអឺរ៉ុបរថយន្តនេះនឹងមានលក់ចាប់ពីខែកញ្ញាតទៅ៕