Hyundai Creta N Line ស៊េរីឆ្នាំ ២០២៤ អាប់ដេតថ្មី ឯតម្លៃលក់តែ ២មុឺនដុល្លារស្តើង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Creta N Line ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការអាប់ដេតថ្មី ជាមួយតម្លៃលក់ចាប់ពី ២០ ៣២៩ ដុល្លារ ដល់ ២៤ ៥២៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ។

Hyundai Creta N Line ស៊េរីឆ្នាំ ២០២៤ ថ្មីនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦ វគ្គ ឬប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព ADAS កម្រិតទី ២ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនៅផ្នែកខាងក្រៅវិញ មានលក្ខណៈស្ព័រជាងមុន ដោយមានប៉ាណាមុខពណ៌ខ្មៅ ចង្កៀងមុខក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាមួយដុំហ្រ្វាំង Calipers ពណ៌ក្រហម ក៏ដូចជាកាង spoiler និងបំពងស៊ីមាំងភ្លោះ ។

ចំពោះនៅផ្នែកខាងក្នុង បំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ កៅអីស្បែកមុខងារខ្យល់-កំដៅនៅផ្នែកខាងមុខ ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធកាម៉េរា ៣៦០ដឹក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម