កាលពី ៦ខែកន្លងទៅ ក្រុមហ៊ុន Hyundai បានធ្វើការប្រកាសចេញរថយន្ត Elantra ឆ្នាំ២០២១ សម្រាប់ប្រទេសម៉ាឡេស៊ីជាផ្លូវការ ជាមួយម៉ូឌែលតែមួយគត់គឺ 1.6 Premium នាពេលនេះ Hyundai បានបន្ថែមម៉ូឌែលថ្មីមួយទៀត ឈ្មោះថា 1.6 Executive។
ស្រដៀងគ្នានឹងម៉ូឌែល 1.6 Premium ដែរ Hyundai Elantra 1.6 Executive ត្រូវបាននាំចូលជាផ្លូវការមកពីប្រទេសកូរ៉េ នឹងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ៣៤ ១៦០ដុល្លារ ដែលវាមានតម្លៃថោកជាង 1.6 Premium ចំនួន ៤ ៦៣០ដុល្លារ។
សម្រាប់ម៉ូឌែលថ្មី 1.6 Executiveនេះ Hyundai បានធ្វើការកាត់បន្ថយគ្រឿងបរិក្ខា និងប្រព័ន្ធសុវត្ថិភាពមួយចំនួន។ ដោយវាបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED, ថាសកង់ទំហំ ១៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, អេក្រង់បង្ហាញទំហំ ៤,២អ៊ីញ និងដៃចង្កូតប្រភេទស្បែក ភ្ជាប់ជាមួយប៊ូតុងមុខងារផ្សេងៗ។
រថយន្ត Hyundai Elantra 1.6 Executive បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦ លីត្រ Smartstream មានកម្លាំង ១២១ សេះ កម្លាំងបង្វិល ១៥៤ Nm និងដំណើការដោយប្រអប់លេខ CVT៕