រថយន្ត Hyundai Elantra ស៊េរីឆ្នាំ ២០២១ ដែលជាជំនាន់ថ្មីមួយ មានផ្លាស់ប្ដូររូបរាងថ្មី បានបង្ហាញមុខជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ក្រៅពីការផ្លាស់ប្ដូររូបរាងថ្មីកាន់តែទាន់សម័យនិងទាក់ទាញ Hyundai បានបន្ថែមជម្រើសប្រភេទម៉ាស៊ីន Hybrid ដែលសន្សំសំចៃប្រេងបានល្អបំផុត។ ប្រភេទ Hybrid គឺមានបំពាក់ម៉ាស៊ីន ១,៦ លីត្រ ភ្ជាប់នឹងម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងសរុបបានដល់ទៅ ១៣៩ សេះភ្ជាប់នឹងប្រអប់លេខ ៦ វគ្គ។ សម្រាប់កម្រិតស៊ីសាំងតាមដែល EPA ប៉ាន់ស្មានគឺ ១០០ គីឡូម៉ែត្រ ស៊ីសាំងខ្ទង់ ៤ លីត្រប៉ុណ្ណោះ។
រថយន្តនេះក៏មានជម្រើសម៉ាស៊ីនសាំងសុទ្ធ ដែលមានម៉ាស៊ីនចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ១៤៧ សេះ។ សម្រាប់ម៉ាស៊ីនសាំងនេះ ក្រុមហ៊ុន Hyundai និយាយថាអតិថិជនអាចរំពឹងមើលនូវកម្រិតស៊ីសាំងដែលសន្សំសំចៃខ្ពស់បំផុត។
នៅផ្នែកខាងក្នុងមានបំពាក់ដោយបច្ចេកវិទ្យាទំនើប ដោយមានកុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងមានជម្រើសបន្ថែមអេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ ដែលអេក្រង់នេះទ្រាំទ្រជាមួយ Android Auto និង Apple CarPlay។ ចំណុចទាក់ទាញផ្សេងទៀតរួមមានប្រព័ន្ធភ្លើងបំភ្លឺផ្នែកខាងក្នុងនាពេលយប់ដែលមាន ៦៤ ពណ៌ខុសគ្នា, អាចបន្ថែមកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, មានរន្ធបំពងសំឡេង Bose ដែលមាន Speaker ចំនួន ៨ និងប្រើប្រាស់សោឌីជីថល ដែលអាចឲ្យរថយន្តនេះដោះសោ និងបញ្ឆេះម៉ាស៊ីនដោយប្រើទូរសព្ទ Android ឬកាត NFC។
រថយន្ត Hyundai Elantra ស៊េរីឆ្នាំ ២០២១ នឹងចាប់ផ្ដើមផលិតក្នុងអំឡុងខែកញ្ញា និងបញ្ចេញលក់នៅនៅអំឡុងចុងឆ្នាំ ២០២០ នេះ៕