
បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនៅក្នុងខែមេសា ពេលនេះ ក្រុមហ៊ុន Hyundai បានសម្រេចគ្រោងនឹងប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធសេរ៊ីថ្មី Hyundai Elexio របស់ខ្លួននៅក្នុងត្រីមាសទី ៣ ខាងមុខនេះហើយ ដោយអាចនឹងមានតម្លៃខ្ទង់ ១៩ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Hyundai Elexio ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៧៣ ម.ម និងមានប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (FWD) ផលិតកម្លាំងបាន ២៦៨សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៣១២សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយរហូតដល់ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកក្រៅរបស់រថយន្ត Hyundai Elexio មានការរចនាផ្នែកខាងក្រៅប្លែកពីរថយន្តអគ្គិសនីដ៏ទៃ ដោយផ្នែកខាងមុខមានចង្កៀងបំភ្លឺផ្លូវ LED ឌីស្សាញជាគ្រាប់គ្រីស្គាល់ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ចំណែកផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំធំដល់ទៅ ២៧អុីញ កម្រិត 4K ឯណ្ណោះ៕