Hyundai បានបង្ហាញរថយន្ត Ioniq អគ្គិសនីស៊េរីឆ្នាំ ២០២០ ក្នុងកម្មវិធី Los Angeles Auto Show ហើយពេលនេះក្រុមហ៊ុនបានប្រកាសអំពីតម្លៃដែលនឹងចាប់ផ្ដើមពី ៣៣ ០៤៥ ដុល្លារ។
តម្លៃនេះគឺឡើងលើសពីតម្លៃស៊េរីមុន ដែលមានចាប់ពី ៣០ ៣១៥ ដុល្លារ ប៉ុន្តែរថយន្ត Ioniq ប្រភេទអគ្គិសនីឆ្នាំ ២០២០ គឺមានបំពាក់អាគុយទំហំ ៣៨,៣ គីឡូវ៉ាត់ម៉ោង។ ដូចនេះរយៈចម្ងាយបើកបររបស់វាកើនពី ២០០ គីឡូម៉ែត្រ ទៅ ២៧៤ គីឡូម៉ែត្រ ពេលសាកមួយពេញ។
មិនទាន់អស់ទេ ម៉ូទ័រអគ្គិសនីលើរថយន្តស៊េរីថ្មី អាចបង្កើតកម្លាំងបាន ១៣៤ សេះ ដែលកើនឡើងលើសមុខ ១៦ សេះ។ ចំពោះការសាកថ្មក៏លឿនជាងមុនដែរ ដោយចំណាយពេលប្រហែល ៦ ម៉ោង និង ៥ នាទី អាចសាកបានពេញ ដែលប្រើប្រាស់ឆ្នាំងសាក ២៤០វ៉ុល៕