[ទីផ្សារបរទេស] Hyundai Ioniq 6 ត្រូវបានបង្ហាញរូបរាងជាផ្លូវការកាលពីខែមុន ហើយពេលនេះក្រុមហ៊ុនបានបញ្ចេញព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខណៈសម្បត្តិនៃរថយន្តអគ្គិសនីដ៏ទាក់ទាញនេះ។
រថយន្ត Ioniq 6 ប្រភេទ Entry នឹងប្រើប្រាស់អាគុយចំណុះ ៥៣kWh និងមានម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកខាងក្រោយ ប៉ុន្តែ Hyundai មិនបានប្រាប់អំពីកម្លាំងដែលផលិតបាននោះទេ។ រថយន្តនេះដែររំពឹងថានឹងមានកម្រិតប្រើថាមពលតិចជាង ១៤kWh ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីដែលប្រើថាមពលតិចជាងគេ។
អតិថិជនក៏អាចទិញយកប្រភេទ Long-Range ដែលប្រើប្រាស់អាគុយចំណុះ ៧៧,៤kWh និងអាចបើកបរបានចម្ងាយលើសពី ៦១០គីឡូម៉ែត្រ ដែលបើកបរបានឆ្ងាយជាងរថយន្ត Ioniq 5 ប្រមាណ ១០០គីឡូម៉ែត្រ។ ប្រភេទ Long-Range នេះនឹងមានជម្រើសប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ ហើយវានឹងមានម៉ូទ័រអគ្គិសនីចំនួនពីរដែលផលិតកម្លាំងសរុបបាន ៣២០សេះ។
រថយន្ត Ioniq 6 គាំទ្របច្ចេកវិទ្យាសាកកម្លាំង ៤០០វ៉ុល និង ៨០០វ៉ុល ហើយជាមួយដុំសាកកម្លាំង ៣៥០គីឡូវ៉ាត់ អាចសាកភ្លើងរថយន្តឡើងពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ១៨នាទីប៉ុណ្ណោះ។
រថយន្ត Hyundai Ioniq 6 នឹងចូលរោងចក្រផលិតក្នុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ ហើយអាចនឹងចេញលក់លើទីផ្សារមួយចំនួននៅត្រឹមដំណាច់ឆ្នាំនេះតែម្ដង។ សម្រាប់ការប្រកាសចេញនៅសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅត្រីមាសដំបូងនៃឆ្នាំ២០២៣ ក្នុងនាមជាស៊េរីឆ្នាំ២០២៤៕