ក្រោយពីបានបង្ហាញចេញរថយន្ត Kona ស៊េរីឆ្នាំ ២០២១ រួចមក ក្រុមហ៊ុន Hyundai បានបន្តបង្ហាញចេញរថយន្ត Kona Electric (អគ្គិសនី) ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួច និងបន្ថែមបច្ចេកវិទ្យាថ្មីផងដែរ។
រូបរាងខាងមុខបានបន្ថែមនូវអំពូលភ្លើង និងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ថ្មីដែលធ្វើឲ្យសម្រស់វាស្រស់ស្អាតខុសប្លែកពីមុន។ ផ្ទាំងប៉ាណាខាងមុខក៏មានផ្លាស់ប្ដូរការឌីហ្សាញថ្មី ហើយនៅខាងមុខមានបំពាក់រន្ធសាកថ្មផងដែរ។
រថយន្ត SUV អគ្គិសនីថ្មីនេះដំណើរការអាគុយដែលមានទំហំផ្ទុក ៦៤គីឡូវ៉ាត់ម៉ោង និងមានម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០១សេះ ហើយរថយន្តនេះអាចបើកបរបានចម្ងាយប្រមាណ ៤៨៤គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ នៅពេលសាកភ្លើងជាមួយដុំសាក ៥០គីឡូវ៉ាត់ រថយន្តនេះអាចសាកថ្មពី ១០% ឡើងទៅ ៨០% ដោយប្រើពេល ៦៤នាទី។
រថយន្ត Kona Electric គ្រប់ប្រភេទក៏មានបំពាក់នូវមុខងារសុវត្ថិភាព Hyundai SmartSense ដែលក្នុងនោះមានមុខងារជំនួយការបើកបរជាច្រើនរួមមាន Blind-Sport Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Leading Vehicle Departure Alert, Safe Exit Warning, Rear Seat Alert, Smart Cruise Control ជាមួយ Stop & Go, Lane Following Assist, Lane Keeping Assist, Intelligent Speed Limit Warning និង Driver Attention Warning ផងដែរ។
រថយន្ត Hyundai Kona Electric នឹងចេញលក់លើទីផ្សារមួយចំនួនចាប់ពីឆ្នាំក្រោយនេះ ដោយតម្លៃនៅមិនទាន់បានបង្ហាញចេញនៅឡើយទេ៕